ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:៥៧
រាជធានីភ្នំពេញ ៖ តារាសម្តែងដែលលេចធ្លោចំពោះភាពសិចស៊ីនាងឆយី បានលាតត្រដាងរឿងរ៉ាវស្នេហាអពមង្គលដែលបក់បោកទៅលើជីវិតឯកជនរបស់នាង ស្ទើរតែឱ្យនាងធ្វើអត្តឃាត ។
កាលពីពេល ថ្មីៗនេះ ឆយី បានលាតត្រដាងជាសាធារណៈថា ពេលនាងចាប់ផ្តើមចូលពិភពសិល្បៈដំបូងមានបុរសម្នាក់ស្រឡាញ់នាង ប៉ុន្តែម្តាយឪពុកគេមិនឱ្យយកនាងជាគូ ព្រោះលើកហេតុផលថាស្រឡាញ់អ្នកសិល្បៈមិនបានយូរទេ ។ នាងឈឺចាប់ណាស់ពេលគេដៀលបែបនេះ ។ ដូច្នេះហើយនាងតាំងចិត្តថា ត្រូវតែរកលុយឱ្យបានច្រើនព្រោះមនុស្សស្រីកាលណាមានលុយខ្លួនឯង មានឆ្នាំងបាយខ្លួនឯង មិនខ្វះទេអ្នកស្រឡាញ់ ។ ព្រោះតែវណ្ណៈគ្រួសារបោកបក់ស្នេហាឱ្យបែកគ្នា ឆយីបានចូលពិភពសិល្បៈកាន់តែស៊ុប។ អំឡុងពេលនោះនាងបានជួបបុរសម្នាក់ទៀត ហើយបានរស់នៅជាមួយគ្នាមិនមានចំណងអាពាហ៍ពិពាហ៍ទេ ។ អ្វីដែលឆយីឈឺចាប់បំផុត គឺស្វាមីមិនបានរៀបការនោះក្បត់ចិត្តស្រឡាញ់មនុស្សស្រីដែលជាមនុស្សជិតដិតនឹងនាង ។ នៅពេលនោះ ឆយី មានតែខ្លួនទទេ ព្រោះវិញ្ញាណហោះចេញបាត់ហើយ ។ គ្មានអ្វីឈឺចាប់ជាងមនុស្សពីរនាក់ដែលនាងទុកចិត្ត បែរជាក្បត់នាងទេ វាដូចជាយកកាំបិតមកចាក់ទំលុះដើមទ្រូងដែរ ។
រយៈពេល២ខែឆយី អត់ចេញពីបន្ទប់ទេ ព្រោះមនុស្សដែលនាងរាប់អាន ពិសេសពេលគេបែកបាក់សង្សារនាងជាអ្នកមើលថែ ការពារយកទៅពេទ្យដូចអាណាព្យាបាល ដូចកូន ហើយម្ខាងទៀតជាបុរសក្នុងបេះដូង ជាប្តីដែលនាងស្រឡាញ់រាប់ឆ្នាំ និងជាមនុស្សម្នាក់ទុកជាទីពឹងតែបែរជាក្បត់នាងទៅវិញ ។ មនុស្ស២នាក់នោះទាក់ទងស្នេហាគ្នាក្បត់ឆយី ខណៈម្នាក់ជាមនុស្សជិតដិត ម្នាក់ជាប្តី ។
ពេលនោះឆយី ដើរចេញយួរតែវ៉ាលីសមួយដោយដើរពីម្តុំអង់តែនទូរទស្សន៍ទួលគោកទៅម្តុំស្ពានព្រះមុនីវង្ស ដោយអត់ដឹងថា ដើរដល់ទីនោះទេ គឺនាងដើរដូចមនុស្សឆ្កួត ។
ពេលនោះមហាជនឆ្ងល់ថា ឆយីកំពុងថតកុន ឬមានបញ្ហាអ្វីបានជាដល់ថ្នាក់ហ្នឹង ។ ឆយី និយាយថា «មនុស្សយើងដល់ពេលឈឺចាប់ខ្លាំងដល់កម្រិតគឺចង់តែសម្លាប់ខ្លួនប៉ុណ្ណោះ ។ នៅពេលនោះនាងខ្ញុំក៏អរគុណដល់មនុស្សទាំង២នាក់នោះដែលបានផ្តល់ឱ្យខ្ញុំចេះឈរយ៉ាងរឹងមាំ ព្រោះបន្ទាប់ពីឃុំខ្លួនឯង២ខែអត់ធ្វើអីទេដេកគិតរហូត ។ យូរៗទៅខ្ញុំគិតច្បាស់ក្នុងចិត្តថា តើយើងធ្វើបែបនេះដើម្បីអ្វី គេសោយសុខ យើងកើតទុក្ខលំបាក យើងស្លាប់សួរថា ពេលយើងស្លាប់តើគេកើតទុក្ខបានប៉ុន្មានថ្ងៃ លើសពីនេះយើងមានម្តាយឪពុកបងប្អូននៅចាំយើង គាំទ្រយើង ពេលបាត់យើងទៅ តើគាត់ឈឺចាប់បែបណា ។ ពីរនាក់នោះគ្រាន់តែជាសាច់ដទៃ គ្មានជាប់សាច់ឈាមយើងនោះទេ ។ ពីរនាក់នោះគ្មានលទ្ធភាពឱ្យយើងឈឺចាប់តទៅទៀត គ្មានលទ្ធភាពឱ្យយើងយំតទៅទៀតនោះទេ ។
មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ប្តឹងប្តល់ជាមួយខ្ញុំឡើងតុលាការម្តងហើយម្តងទៀត ត្រូវតតាំងជាមួយគាត់ ។ ខ្ញុំដើរដល់ផ្លូវទាល់អស់រលីង ព្រោះយើងឡើងតុលាការមេធាវីត្រូវការលុយគេជាអ្នកមានទ្រព្យ គេអត់ខ្វល់ យើងទេជាអ្នកតតាំង ។
ពេលខ្ញុំចូលទៅផឹកស៊ីនៅហាង គាត់ឃើញខ្ញុំក៏មកអង្គុយជិតខ្ញុំ ហើយធម្មតាមនុស្សផឹកស្រវឹងមានទុក្ខមិនទាន់បាត់រលត់ផង គាត់ឌឺដងយើងផ្អែមល្ហែមមុខយើង ខ្ញុំក៏គប់កែវទៅគាត់ តែបែរជាត្រូវប្រពន្ធថ្មីគាត់ ហើយគេក៏ប្តឹងខ្ញុំ និងឱ្យសុំទោសជាសាធារណៈទៀត ប៉ុន្តែខ្ញុំមិនសុំទោសទេ ព្រោះអ្នកឯងធ្វើខុសសីលធម៌ បើខ្ញុំខុសខ្ញុំមិនខ្លាចសុំទោសនោះទេ ។ ទម្រាំតែដោះស្រាយឱ្យផុតរលត់គ្នាដាច់ស្រឡះ ខ្ញុំបានប្រើពេលបីឆ្នាំ ។
នៅទីបំផុតខ្ញុំមិនឱ្យគេជាន់ឈ្លីតទៅទៀតបានទេ ហើយអារម្មណ៍ពេលនេះមានតែព្យាយាមតស៊ូជាមួយជីវិត និងតស៊ូរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាព។ ជីវិតស្នេហាបែបនេះពិតជាមិនអាចមកបំបាក់ ហើយឱ្យខ្ញុំឆោតល្ងង់បន្តទៀតបានឡើយ ។
នេះជាបទពិសោធន៍មួយសម្រាប់មហាជន ពិសេសមិត្តនារីទាំងឡាយគួរតែពិចារណាឱ្យបានច្បាស់លាស់កុំសម្រេចចិត្តគិតរឿងស្នេហាក្នុងវ័យនៅក្មេង នៅសិក្សា ។ ចាប់ពីពេលនេះទៅ ឆយី ខំតស៊ូឱ្យកាន់តែជះពន្លឺនៅលើអាជីពសិល្បៈផ្គើនមនុស្សដែលបំផ្លាញចិត្តនាងខ្ញុំ» ៕
0 comments:
Post a Comment