មកពីកោះសន្តិភាព៖
ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:០៥
រាជធានីភ្នំពេញ ៖ ចាន់ រតនៈ មកពីក្លិបខ្លារខិនមានរិទ្ធ បានណាត់ជួប ស្រិល ទ្រី មកពីក្លិបគជសារកីឡា សាកវិជ្ជាគុនគ្នានៅលើសង្វៀនស៊ីធីអិន នាថ្ងៃអាទិត្យ ទី១៥ កុម្ភៈ ខាងមុខនេះ ដោយសារកន្លងមកពួកគេមិនធ្លាប់ជួបគ្នាពេលមានការផ្គូផ្គងចេះតែឃ្វាងគ្នារហូត ។
ចាន់ រតនៈ ពីមុនហ្វឹកហាត់នៅក្នុងក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ បុ៉ន្តែពេលនេះបានផ្លាស់មកនៅក្លិបខ្លារខិនមានរិទ្ធវិញ ។ ចាន់ រតនៈ គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនងាយនរណាបង្ក្រាបបាន ។ ក្នុងប្រវត្តិប្រកួតជាង៤០ដង គេស្គាល់រសជាតិបរាជ័យតិចតួចបំផុត ដោយសារតែគេវាយមិនចេះមើលស្រាលលើគូប្រកួត ជាពិសេសសម្រាប់ការមកជួបជាមួយ ស្រិល ទ្រី លើកនេះតែម្តង ។ ចាន់ រតនៈ មានជំហរក្នុងការវាយចេញរឹងមាំល្អ ចំណែកផ្លែកែង និងជង្គង់របស់គេវិញនោះកាន់តែសាហាវថែមទៀត ។ កីឡាកររូបនេះចូលចិត្តឱ្យគូប្រកួតវាយឈឺសាច់ជាមុនសិន ទើបវាយតបតជាក្រោយ និងពូកែអត់ធ្មត់បំផុត ។
ចំណែក ស្រិល ទ្រី វិញនោះធ្លាប់ប្រកួតបានប្រហែលជា៣០ដងបុ៉ណ្ណោះ ។ ដូច្នេះការមកប៉ះជាមួយ ចាន់ រតនៈ លើកនេះមានសង្ឃឹមតិចណាស់ ។ ទោះបីយ៉ាងណា ដោយសារតែកីឡាកររូបនេះមានចិត្តសឿង មិនចេះកោតខ្លាច ទោះដឹងថាគូប្រកួតខ្លាំងជាងខ្លួនក៏ដោយ ទើបគេហ៊ានព្យាករណ៍ថា គូនេះមុននឹងរកឃើញលទ្ធផលចាញ់-ឈ្នះច្បាស់ជាមានការតតាំងគ្នាស្វិតស្វាញមិនខាន ។ នៅលើសង្វៀនដដែល ក្រៅពីគូចាប់អារម្មណ៍នេះទៅនៅមានគូអមជាច្រើនទៀតដូចជា ចេង គា មកពីក្លិបសាវ័ន្តកីឡា ជួប ផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ។ ឈាន ឡុង មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយ យ៉ាម ឡយ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ។
សៅ ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយ រិទ្ធ កៅ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ ណក់ ស៊ីនួន មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ព្រឿង សុជាតិ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងគូចុងក្រោយ គឿម សុវណ្ណាង មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ទេស ឧត្តម មកពីក្លិបកងពលតូចលេខ៧០ ៕
0 comments:
Post a Comment