Monday, July 6, 2015

ទៀងមិនឈ្នះទ័ល!

From: Champucha  thmey
មនុស្ស​តែង​មាន​គំនិត​ដោះស្រាយ​ច្រើន​ដើម្បី​បានរួចខ្លួនផង និង​ដើម្បី​បានកេង​យក​ចំណេញ​ពី​មនុស្ស​ផង។ ក្នុងនោះ​ក៏មាន​ពំនោល ឬ​ជាបណ្តាំ​ផ្ញើ​ពីបុរាណ​មួយឃ្លា​៖ “ទៀង​មិនឈ្នះទ័ល ” ទុក​គ្រាន់​ធ្វើការ​ពិចារណា និងពិនិត្យ​មើល​សកម្មភាព​របស់មនុស្ស​ដោយ​ការវាយ​តម្លៃ​ថា តើ​អ្នក​ណាជា​មនុស្ស​មានចរិត​ទៀង​ត្រង់ និងអ្នក​ណាជា​អ្នក​មានគំនិត​កុហក​បោក​ប្រាស់។
យោង​តាមន័យ​នៃទស្សនៈ នេះគេឃើញ​មនុស្ស​​នៅពេល​ទ័ល​ច្រក ឬហៅថា ទឹក​ចូលដល់​ច្រមុះ​ហើយនោះ​តែង​បាន​ប្រើប្រាស់​តាម​ល្បិច​កល​យករួច​ខ្លួន តាមសុភាសិត​បុរាណ​មួយ​ឃ្លា​ពោលថា ” ផ្លូវ​វៀច​ កុំបោះបង់ផ្លូវណាត្រង់​ កុំ​ដើរហោង ” ឬ​ “ស្លូតស្លាប់ វៀច​វេរ​មានភព្វ អាយុ​យឺនយូរ”។ គេបាន​លើក​ឧទាហរណ៍​ជាក់​ស្តែង​ថា កាលពី​សម័យ​ប្រល័យពូជសាសន៍​អ្នក​ណាក៏​ចេះ​ភូត​ភរ​ និងមាន​ល្បិច​កល​នានា​ដើម្បី​ការពារ​ខ្លួន អោយ​រួច​ផុតពី​សេចក្តី​ស្លាប់​ផងដែរ។ តែក៏​មាន​អ្នក​ខ្លះមាន​សំណាង​បានរួច​ខ្លួន និង​ក៏មានអ្នក​ជាច្រើន​ទៀត​បានស្លាប់​តាមរយៈ​ការ​ទម្លាក់​ទោស​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត។ បានសេចក្តីថា ការពោល​ពាក្យ​ដោះសាឃើញ​ថា ជាការ​គាំទ្រខ្លួនឯង​ក្នុងន័យ​ពង្វាង​ដាន​ឬជាការ​លាក់​កប់​ចោល​នូវ​ទោស​កំហុស​របស់ខ្លួន​ដែល​ជួនកាលក៏​មានការ​លាក់​បាំងជិត​ និង​ជួន​កាល​ក៏លាក់​មិនជិត​​បណ្តាល​អោយ​គេតាម​ដានទាន់​ជាន់កែង។
តាមសុភាសិត​បុរាណ​បានបញ្ជាក់ថា មនុស្ស​​គេ​យកសំដី​ដំរី​គេយកភ្លុក ដែល​ជារឿង​ដំបូង​មែន​បុ៉ន្តែ​ក្នុង​ជំហាន​ជាក់ស្តែង​បន្ទាប់​មកទៀត​នោះគឺ​គេបាន​គិត​បន្ថែម​ដោយ​ការ​ផ្ទៀងផ្ទាត់​ថា មនុស្ស​គេយក ទៅតាម​ទង្វើជាក់​លាក់​តែម្តង។ មានន័យថា គេមើល​មនុស្ស​ទៅលើ​សាច់​ការ ថាតើ មនុស្ស​នោះ​ធ្វើបាន​អ្វីខ្លះ​មកហើយ។ ប៉ុន្តែ​បើគេ​មិនទាន់​ឃើញ​មានសាច់​ការជាក់ស្តែង​នោះទេ​គេប្រាកដជា និយាយ​ពេបជ្រាយ​និង​ចំអកឡកឡឺយ​តប​ទៅវិញ​ថា ” រស់​តែ​ពាក្យ​ ត្រគាក​ស្លាប់​ស្តូក ” ហៅថា ឥត​បានផល​ប្រយោជន៍​អ្​វី​សោះឡើយ។
ទង្វើ​បែបនេះ​ឬជា​មេរៀន​នេះពិតជា​ប្រជាពល​រដ្ឋ​យើង​បាន​ធ្លាប់​ជួប​ប្រទះ​នូវ​បទពិសោធ​ន៍យ៉ាង​ច្រើន​ក្នុង​ជីវភាពរស់នៅ​និងការ​ប្រាស្រ័យទាក់ទង​ក្នុងសង្គម​កន្លងមក។ ជាពិសេស​គេបាន​ឃើញ​មនុស្ស​ដែល​មានការ​ជំពាក់​ប្រាក់​ឬបំណុល​គេនោះ​ហើយ​ដែល​មនុស្ស​នោះមិន​មាន​លទ្ធ​ភាព​ក្នុងការ​សងទៅ​គេទាន់ពេលវេលា​កំណត់​ ឬទៅតាម​កិច្ចសន្យានោះក៏​គេតែង​ដឹង​ថា អ្នក​នោះនិយាយ​មិនទៀង​ទាត់​នោះដែរ។ ត្រង់​នេះហើយ​ដែល​ពាក្យ​ចាស់​ទុំ​ពីបុរាណ​បាន​បញ្ជាក់ថា ៈ ” ទៀង​មិនឈ្នះទ័ល ” នោះ។ មាន​ន័យថា អ្នក​ដែលមាន​ការ​ជំពាក់​បំណុល​គេនោះ​តែងមាន​ការកុហក​បោកបញ្ឆោត​ ឬមានការ​បង្វែងដាន យករួចខ្លួន​និង​បន្ត​កេងយក​ចំណេញ​បន្ថែមទៀត​ឥត​ស្វាង​នោះឡើយ។
ផ្តើមចេញ​ពីទស្សនៈ “ទៀងមិនឈ្នះទ័ល ” ដែលគេបាន​ជួបប្រទះ​ក្នុង​ជីវភាពរស់នៅ​នេះ​បើគេ​ក្រឡេក​មើល​ទំព័រ​នយោបាយកន្លង​មកនេះ​ក៏គេ​បានដឹង​បញ្ហានេះដែរ។ តាម​ពិត​គេឃើញ​និងជួប​ប្រទះ​នូវ​អ្នកនយោបាយ​ដើម្បី​ទាក់ទាញ​យកប្រជាប្រិយភាព​និង​ការគាំទ្របានសន្យា​និងធានា​ជួយ​ប្រជាពលរដ្ឋ​នៅក្រោយ​ពេល​ជាប់​ឆ្នោត​…។ គេធ្លាប់​ភ្លក្ស​រសជាតិ​នៃការ​ទទួល​នូវ​សំដី​អួត​អាង​បែបនេះ​ជាច្រើន​លើក​រួច​មក​ហើយ ហើយ​ដែល​បណ្តាល​អោយអ្នក​គាំទ្រ​ទាំងនោះ​មានការ​ខកបំណងទៀតផង។
ជា​រួមមក​គេដឹងថា​ក្រុម​អ្នក​នយោបាយ​ដែល​បាន​បន្ថែម​ល្បឿន​តែពាក្យ​ឃោសនា​នោះក៏គេ​យល់​ថា ​៖​ ” ទៀង​មិនឈ្នះ​ទ័លដែរ ” ។ បានសេច​ក្តីថា បើមិន​និយាយ​កុហក​ភូតភរ​ទេ តើមាន​ស្នាដៃ​អ្វី​សម្រាប់​បង្ហាញ​អំពី​សមត្ថភាពនៃ​សិល្ប៍​វិធី​នយោបាយ​ខ្លួន? បើ​នយោបាយ​នោះមាន​តែ​បាតដៃទទេតើបាន​អ្វី​ជួយ​ជាតិ​គឺមាន​តែបន្ត​កុហក​ទៀតតែអ៊ីចឹង!…៕

0 comments:

Post a Comment

Khmer Proverb