ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១៥:២៦
រាជធានីភ្នំពេញ ៖ លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី២ វិច្ឆិកា ២០១៥ បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមចាកចេញពីប្រទេសកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ី-អឺរ៉ុបលើកទី១៤ នៅប្រទេសលុចសំបួ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ វិច្ឆិកា ២០១៥ ក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីអនាគតប្រកបដោយចីរភាព និងសន្តិភាព»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា លោកហោ ណាំហុង នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គនេះស្តីពីការប្រែប្រួលអាកាសធាតុរបៀបវារៈសម្រាប់ឆ្នាំ២០៣០ ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងពេលមានវត្តមាននៅប្រទេសលុចសំបួនោះ លោកឧបនាយករដ្ឋមន្ត្រីនឹងជួបទ្វេរភាគីជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសលុចសំបួលោក ហ្វ្សីហ្គោរស៍ ស្តេធីណា។
ក្រៅពីកិច្ចប្រជុំក៏នឹងមានការជួបជាមួយលោករដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងជួបជាមួយលោកសាតាច អាហ្សី ទីប្រឹក្សានាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ និងការបរទេសនៃប្រទេសប៉ាគីស្ថាន។ កិច្ចប្រជុំនេះជាវេទិកាមួយដ៍សំខាន់ណាស់ដែលជជែកសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ និងសង្គមរវាងអាស៊ី និងអឺរ៉ុបក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងតំបន់ទាំង២ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា៕
0 comments:
Post a Comment