Monday, November 2, 2015

មិនមែន ម៉ៅ ហា​ជី និង សៅ ឧត្តម នី រតនា​ជា​ម្ចាស់​ជ័យ​លា​ភី​ខេ​ម​បូ​ឌៀ​ន អាយ​ដល

From kohsantepheapdaily
រាជធានី​ភ្នំពេញ ៖ បេក្ខជន​៣​នាក់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល ម្នាក់​ពី​ខេត្តស្វាយរៀង ម្នាក់​ពី​ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ពី​ខេត្តបាត់ដំបង សុទ្ធតែ​មានការ​គាំទ្រ​ពី​មហាជន​ដូច​គ្នា ហើយ​មហាជន​ខ្លះ​ទស្សន៍​ទាយ​ថា អ្នក​នេះ ខ្លះ​ថា​អ្នក​នោះ ប៉ុន្តែ​ជាក់ច្បាស់​គឺ​បេក្ខជន នី រតនា ពី​ខេត្តកំពង់ធំ ជា​ម្ចាស់​ពានរង្វាន់ ។ ការ​ប្រកួត​ចម្រៀង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ។
ក្នុង​រាត្រី​នោះ ទស្សនិកជន​ច្រើន​កុះករ​ចូលរួម​ទស្សនា និង​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ចំពោះ​បេក្ខជន​ដែល​គេ​ពេញចិត្ត ។ វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ទី​១ នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល​នេះ​មាន​បេក្ខជន​៣​រូប ជា​ជើង​ខ្លាំង គឺ​លោក​នី រតនា ពី​ខេត្តកំពង់ធំ​, លោក​ម៉ៅ ហា​ជី មក​ពី​ខេត្តបាត់ដំបង និង​លោក​សៅ ឧត្តម ពី​ខេត្តស្វាយ​រៀង ។ វគ្គ​ចុង​ក្រោយ​នេះ​បេក្ខជន​ទាំង​៣​រូប ត្រូវ​ច្រៀង​បទ​បែប​មនោសញ្ចេតនា​ម្នាក់​២​បទ បែប​ញាក់​កន្ត្រាក់​អារម្មណ៍​១​បទ និង​បទ​មនោសញ្ចេតនា​ច្រៀង​រួម​គ្នា​១​បទ ។ ពួក​គេ​ខំប្រឹង​បញ្ចេញ​ទេព​កោសល្យ រៀង​ៗ​ខ្លួន​ជូន​ទស្សនិកជន​វាយតម្លៃ និង​បោះ​ឆ្នោត​គាំទ្រ ។
បន្ទាប់​ពី​ការ​បញ្ចេញ​ទេព​កោសល្យ​របស់​បេក្ខជន​ចប់​ហើយ​នោះ ការ​បោះ​ឆ្នោត​តាម​ទូរស័ព្ទ​ចាប់ផ្តើម ដោយ​ខាង​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ជូន​អ្នក​ទស្សនា​ថា បេក្ខជន​ដែល​គណៈកម្មការ​លើក​សរសើ​រ​មិន​មាន​ន័យ​ថា​ល្អ​ទាំងស្រុង​ទេ គឺ​ស្ថិត​នៅ​លើ​សំឡេង​មហាជន​ជា​អ្នក​កំណត់​។ បើ​យល់​ថា​បេក្ខជន​ណា​ល្អ​នោះ មហាជន​អាច​ផ្ញើ​សារ​គាំទ្រ​ដើម្បី​ឱ្យ​បាន​ទទួល​ជ័យ​លា​ភី ។
ទីបំផុត​ពិធីករ​លោក​ជា វិបុល ប្រកាស​លទ្ធផល​ផ្តល់​ជ័យ​លា​ភី​ចំពោះ​បេក្ខជន​នី រតនា ធ្វើ​ឱ្យ​ម្ចាស់ខ្លួន​ត្រេកអរ​ឥត​ឧបមា ។ បេក្ខជន​នី រតនា ជា​ម្ចាស់​ពានរង្វាន់​រដូវ​កាល​ទី​១​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល នេះ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ក៏​ដូច​ជា​ទស្សនិកជន​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ដោយសារ​តែ​គេ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ល្អ​ទៅ​តាម​ទម្រង់​នៃ​បទ​ចម្រៀង ព្រមទាំង​ត្រងត្រាប់​ការ​ពន្យល់​ណែនាំ​ពី​របៀប​ច្រៀង​របស់​រៀមច្បង ។ ទោះបីជា​ប្រភេទ​បទ​អ្វី​ក៏​ដោយ​ក៏​លោក​នី រតនា តស៊ូ​ហាត់រៀន​ច្រៀង​ឱ្យ​ទាល់តែ​បាន​សម្រេច ។ កន្លង​មក​នៅ​លើ​វេទិកា​នី រតនា ប្រមូល​អារម្មណ៍​ច្រៀង​បាន​ល្អ ចេះ​ដាក់​មនោសញ្ចេតនា​តាម​ប្រភេទ​បទ ទាំង​បទ​មនោ​សញ្ចា​ត​នា ទាំង​បទ​ញាក់ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រឡាញ់​​ពេញចិត្ត  ។ អ្វី​ដែល​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​បំផុត គឺ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់់ព្រ័ត្រ​លោក​នី រតនា​ស្រែកច្រៀង​បទ «​ស៊ូ​ឃ្លាត​» ដែល​ជា​បទ​តឹង បូក​រួម​ទាំង​បទ​មួយ​ចំនួន​ទៀត​ក៏​ច្រៀង​បាន​ល្អ ។  ចាប់តាំងពី​ពេល​នោះ​មក​ប្រជាប្រិយភាព​របស់​លោក​នី រតនា កាន់តែ​ឡើង​ខ្ពស់ ហើយ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។
លោក​នី រតនា ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល ពី​ម្ចាស់​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល និង​បាន​រង្វាន់​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​២.៥០០​ដុល្លារ ។ ក្រៅពី​រង្វាន់​ទាំងនោះ​នី រតនា​ក្លាយជា​តារាចម្រៀង​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស ។ ដោយឡែក​បេក្ខជន​២​រូប​ទៀត គឺ​លោក​ម៉ៅ ហា​ជី និង​លោក​សៅ ឧត្តម ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី​ទទួល​បាន​ប្រាក់​រង្វាន់​ពី​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស លោក​ឧកញ៉ា​អឹុ​ង សុខ​ងួ​ន ១.០០០​ដុល្លារ ក្នុង​ម្នាក់ និង​រង្វាន់​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​គឺ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ក្នុង​ម្នាក់​២.០០០​ដុល្លារ ៕






0 comments:

Post a Comment

Khmer Proverb