Thursday, July 7, 2016
Home »
ព័ត៌មានជាតិ
» លោក ម៉ម សូណង់ដូ ប្រកាន់ជំហរធ្វើបាតុកម្ម ទោះបីជាអាជ្ញាធរមិនអនុញ្ញាត
លោក ម៉ម សូណង់ដូ ប្រកាន់ជំហរធ្វើបាតុកម្ម ទោះបីជាអាជ្ញាធរមិនអនុញ្ញាត
ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យលោក ម៉ម សូណង់ដូ នៅតែប្រកាន់ ជំហរធ្វើបាតុកម្មដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យ ដើម្បីស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិលចំនួន ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប ចំនួន ១រូប។
លោក ម៉ម សូណង់ដូ នឹងធ្វើបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៦ ខាងមុខ បើទោះបីជាអាជ្ញាធរសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យក្រុមលោកជាង ២០០នាក់ ជួបជុំ នៅទីលានប្រជាធិបតេយ្យ ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីអង្គមិនមែនរដ្ឋាភិបាលក្តី។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពីជំហរលោកថា លោកគ្រាន់តែការពារផលប្រយោជន៍សាធារណៈប៉ុណ្ណោះ តែសាលារាជធានី ភ្នំពេញពុំអនុញ្ញាត ក្រោមហេតុផលថា ប៉ះពាល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ តាមមាត្រា ៩ នៃច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី និងលិខិតបទដ្ឋានគតិយុត្តិនានារបស់ក្រសួងមហាផ្ទៃ ។«យើងអត់ប្រឆាំងគេបានទេ បើមិនឲ្យក៏មិនឲ្យទៅ តែខ្ញុំនៅតែរក្សាជំហរដដែល អ្វីដែលខ្ញុំទាមទារ។ ខ្ញុំចង់ឲ្យបន្ធូរបន្ថយឲ្យពួកគាត់នៅក្រៅឃុំមក បើមិនបានដោះលែងទេ»។ លោក ម៉ម សូណង់ដូ អះអាងជំហរដាច់ខាត ក្រោយកិច្ចប្រជុំសុំច្បាប់អនុញ្ញាតជាមួយអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដានេះ។
លោកបានបន្តការពារហេតុផលដែលលោកបាតុកម្មទាំងងឿងឆ្ងល់ថា កន្លងមក កញ្ញា ខុម ចាន់តារាទី បានស្នើឲ្យសង្គមស៊ីវិលជួយ តែនាងបែរជាប្តឹងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ទៅវិញ។
តែយ៉ាងណា អាជ្ញាធរសាលារាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងករណីលោក ម៉ម សូណង់ដូ នៅតែប្រកាន់ជំហរធ្វើបាតុកម្មហើយប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរយសាធារណៈនោះ ពួកគេត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ពាក់ព័ន្ធនឹងសំណូមពររបស់លោក ម៉ម សូណង់ដូ នេះ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង អះអាងថា ACU ពុំអាចធ្វើតាមសំណើលោក ម៉ម សូណង់ដូ ឡើយ។ លោកបានលើកហេតុផលប្រាប់លោក ម៉ម សូណង់ដូ និងអាជ្ញាធរថា ACU គ្រាន់តែជានគរបាលយុត្តិធម៌ក្នុងការសែ្វងរភស្តុតាងដាក់បន្ទុកជនល្មើសប៉ុណ្ណោះ ដោយឡែកការចោទប្រកាន់ជាសមត្ថកិច្ចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
Categories: ព័ត៌មានជាតិ
0 comments:
Post a Comment