ផលិតកម្ម U Music បានប្រកាសពីការប្ដូរចំណងជើង និងខ្លឹមសារបទ “ទាល់តែយូរទើបស៊ីអូនបាន” ថ្មីៗ ប៉ុន្តែយ៉ាងនេះក្ដី មហាជននៅតែបន្តរិះគន់រឿងចម្លងបទភ្លេងពីគេ ទៀត។ ដូច្នេះនៅព្រឹកនេះ ផលិតខាងលើ បានសម្រេចលុបចោលការថតស៊ីឌីចេញលក់បទដែលទទួលរងការរិះគន់នេះហើយ។
ការប្រកាសពីការសម្រេចចិត្តចុងក្រោយនេះ ក៏បន្ទាប់ពីក្រសួងព័ត៌មានបានចេញលិខិតផ្លូវការណ៍មួយទៅកាន់ម្ចាស់ស្ថានីយ វិទ្យុ-ទូរទស្សន៍ទាំងអស់ ឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀង “ស៊ីបានចេះតែស៊ីទៅ” របស់លោក កែវ វាសនា និងបទ “ទាល់តែយូរទើបស៊ីអូនបាន” របស់កញ្ញា ម៉ាលីសដែរ។ ម្ចាស់ផលិតកម្ម U Production ហង្ស រដ្ឋា បន្តមកកាន់ Sabay មុននេះថា ពីដំបូងឡើយ ក្រុមការងារលោក ក៏មិនមានចេតនាបិទបទនេះដែរ គ្រាន់តែកែចំណងជើង និងខ្លឹមសារខ្លះ។ ប៉ុន្តែដោយសារការរិះគន់ មានទំហំធំពេក រហូតដល់ព្រឹកមិញខាងក្រសួងព័ត៌មានបានប្រកាសថា ឈប់ឲ្យចាក់ផ្សាយទាំងពីរបទខាងលើទៀត ដូច្នេះលោក សម្រេចថា នឹងធ្វើតាមសំណូមពររបស់ទស្សនិកជននេះ។
លិខិតក្រសួងព័ត៌មានចេញព្រឹកមិញ
“បាទ ម្សិលមិញ ថានឹងកែប្រែចំណុចខ្វះខាតនៃបទនេះឡើងវិញ ប៉ុន្តែដល់ឃើញបងប្អូននៅតែរិះគន់នឹងសំណូមពរឲ្យបិទច្រើនយ៉ាងនេះ ការពិតខ្ញុំចង់កែប្រែឡើងវិញ ប៉ុន្តែតនាំតែពិបាក។ ដូច្នេះខ្ញុំសម្រេចចិត្តតាមបងប្អូន”។ លោក ហង្ស រដ្ឋា ថ្លែង។
រូបភាព៖ ហ្វេសប៊ុក ម៉ាលីស
យ៉ាងណាមិញ ជួបជាមួយអ្នកនិពន្ធបទ “ទាល់តែយូរទើបស៊ីអូនបាន” នរៈ សិង្ហស័ក វិញ លោក ក៏បានបញ្ចេញយោបល់មិនខុសគ្នាប៉ុន្មាន ពីម្ចាស់ផលិតកម្មដែរ។ លោកថាដើម្បីបំពេញចិត្តបងប្អូន និងកុំឲ្យមានការរិះគន់ជាងនេះ លោកសម្រេចចិត្តថា នឹងមិនមានការកែប្រែជាថ្មីទេ។ នរៈ សិង្ហស័ក ថ្លែងឲ្យដឹងទៀតថា កាលពី ម្សិលមិញខាងក្រសួងព័ត៌មានបានអញ្ជើញរូបលោកដើម្បីទៅពិភាក្សាពីបញ្ហាបទនេះដែរ។
បន្ថែមពីនេះលោកអះអាងទៀតថា៖ “ម្សិលមិញខ្ញុំបានទៅជួបខាងក្រសួង គាត់បានណែនាំពីការនិពន្ធបទនេះដែរ ហើយគាត់ថា បើមានការប្រែសម្រួលបទនេះជាថ្មី ខាងក្រសួងអត់ថាអីទេ ប៉ុន្តែដោយសារការរិះគន់ពីបងប្អូនច្រើន ដូច្នេះខ្ញុំនឹងបងខាងផលិតកម្ម សម្រេចនឹងបិទបទមួយនេះហើយ ដើម្បីលុបលាងកំហុសដ៏ធ្ងន់មួយដែលខ្ញុំបានតែងសម្រាប់ ម៉ាលីស ឥឡូវខ្ញុំកំពុងតែធ្វើបទស្នាដៃនិពន្ធថ្មីមួយចំនួនទៅដល់នាង ដើម្បីជាការលុបលាងកំហុសដែរ”៕
From: Sabay.com
Thursday, July 7, 2016
Home »
ព័ត៌មានជាតិ
» ម្ចាស់ផលិតកម្មសម្រេចលុបចោលបទ “ទាល់តែយូរទើបស៊ីអូនបាន”
ម្ចាស់ផលិតកម្មសម្រេចលុបចោលបទ “ទាល់តែយូរទើបស៊ីអូនបាន”
Categories: ព័ត៌មានជាតិ
0 comments:
Post a Comment