Thursday, July 7, 2016

កម្ពុជា​កំពុង​ងាក​ទៅរក​ការគ្រប់គ្រង​របៀប​កុ​ម្មុយ​និ​ស្ត​

ក្រុម​អ្នកស្រាវជ្រាវ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា បាន​មើលឃើញ​ពី​ដំណើរ​ដើរ​ថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​នៃ​ការអនុវត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា នៅ​គ្រា​ដែល​គ្រឹះស្ថាន​អប់​កម្រិត​ឧត្ដមសិក្សា​មួយចំនួន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​នយោបាយ​។​

​ពួកគេ​ថ្លែងថា ការ​រឹតត្បិត​នេះ​កំពុងតែ​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​របប​កុ​ម្មុយ​និ​ស្ត​ដែល​អនុវត្ត​នៅ​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០ ហើយ​ការ​រឹតត្បិត​នេះ​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បញ្ឈប់​ការឃ្លាំមើល​សកម្មភាព​ទុច្ចរិត​របស់​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន ដែល​សម្ងំ​សន្សំ​ប្រមូល​ទ្រព្យសម្បត្តិ ដោយ​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​លោក ហេង ស្រ៊ាង អ្នកសិក្សា​ស្រាវជ្រាវ​សង្គម បាន​ប្រាប់ VOA កាលពី​ខែមិថុនា​ថា អ្នកនយោបាយ​គណបក្ស​គ្រប់គ្រង​ប្រទេស​មានការ​បារម្ភ​ថា ការគាំទ្រ​របស់ខ្លួន​ធ្លាក់ចុះ ដោយសារតែ​ការ​បណ្ដោយ​ឲ្យ​មានការ​ពិភាក្សាគ្នា​អំពី​រឿង​នយោបាយ​នៅតាម​គ្រឹះស្ថាន​អប់រំ​ដោយ​សេរី ទើប​អ្នកនយោបាយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រឹង​ធ្វើ​គ្រប់បែបយ៉ាង​រារាំង​សិស្ស​និស្សិត​មិន​ឲ្យ​ផ្តោតអារម្មណ៍​លើ​រឿង​នយោបាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​។​

​លោក​ថ្លែងថា អ្នកនយោបាយ​គណបក្ស​កាន់អំណាច​ត្រូវធ្វើ​ការវិភាគ​លើ​ចំណុចខ្សោយ​របស់ខ្លួន​ក្នុង​ការធ្វើ​នយោបាយ ដែល​មិនបាន​ទាញ​សំឡេងគាំទ្រ​ច្រើន តែ​បែរជា​បានធ្វើ​ឲ្យ​បាត់បង់​សំឡេងគាំទ្រ​ខ្លួន​ទៅ​គណបក្សប្រឆាំង​វិញ​។​

«​សំខាន់បំផុត​ចំពោះ​ខ្ញុំ​គឺ​គណបក្ស​គ្រប់គ្រង​អំណាច​ហ្នឹង គាត់​គួរតែ​គិតថា តើ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ច្រើន​ទៅៗ បោះឆ្នោត​ប្រឆាំងនឹង​ខ្លួន ហើយ​ទី​ពីរ​ហេតុ​អី បានជា​ពេល​មាន​បញ្ហាសំខាន់ៗ ប្រជាពលរដ្ឋ​ហ្នឹង គេ​មិនសូវ​ឲ្យ​គណបក្ស អាជ្ញាធរ​របស់​ខ្លួនឯង​នៅក្នុង​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហា​ទេ បែរ​ទៅប្ដឹង​សង្គម​ស៊ីវិល ឬក៏​ស្វះ​ស្វែងរក​មធ្យោបាយ​ពី​អង្គការ​អន្តរជាតិ​ផ្សេងៗ​។ អញ្ចឹង​វា​ប្រហែល​មាន​បញ្ហា​អី​សំខាន់​ហើយ​»​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០១៥ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការទប់ស្កាត់​សកម្មភាព ឬ​ការឃោសនា​នយោបាយ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន​។  សេចក្តីណែនាំ​នោះបាន​បញ្ជាក់​ពី​ទោសទណ្ឌ ប្រសិន​មាន​ការធ្វើសកម្មភាព​ន​យោ​បាយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នៅក្នុង​ផ្នែក​ខ្លះ​នៃ​សេចក្តីណែនាំ​ដដែល​នោះបាន​ឲ្យ​ដឹងថា​៖

«​គ្រប់​សកម្មភាព​នយោបាយ ឬ​ការឃោសនា​នយោបាយ​ឲ្យ​គណបក្សនយោបាយ​ណាមួយ​នៅក្នុង​ស្ថាប័ន​អប់រំ ឬ​គ្រឹះស្ថានសិក្សា​ដែល​ផ្ទុយ​នឹង​មាត្រា​៣៤​នៃ​ច្បាប់​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​១​លាន​រៀល (​ឬ​ប្រមាណ​ជា​២៥០​ដុល្លារ​)​ទៅ​៥​លាន​រៀល (​ឬ​ប្រមាណ​ជា​១.២៥០​ដុល្លារ​)​។ ...​ចំពោះ​នីតិបុគ្គល​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០ លាន​រៀល (​ឬ ប្រមាណ​ជា​២.៥០០​ដុល្លារ​) ទៅ​២០​លាន​រៀល (​ឬ​ប្រមាណ​ជា​៥.០០០​ដុល្លារ​)»​។​

​សេចក្តីណែនាំ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កន្លងមក​ក្រសួង​អប់រំ​បា​នស​ង្កើ​ត​ឃើញថា នៅតាម​គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ ទាំង​ឯកជន មាន​សមាគម អង្គការ បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​មួយចំនួន​បានធ្វើ​សកម្ម​ភាពមិនប្រក្រតី ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​សមាគម អង្គការ​ទាំងនោះ និង​ឃោសនា​បំផុសគំនិត​ឲ្យ​បុគ្គលិក​អប់រំ​ចូលរួម​សកម្មភាព​ជាមួយ​ខ្លួន​។

​សមាគម អង្គការ​ខ្លះ​បាន​បង្កើត​ឲ្យ​មាន​ជា​សាខា​នៅតាម​គ្រឹះស្ថានសិក្សា ទាំង​សាធារណៈ ទាំង​ឯកជន ព្រមទាំង​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​ការងារ​អប់រំ​ថែម​ទៀតផង​។ សកម្មភាព​ទាំងនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​គ្រឹះស្ថានសិក្សា​ដែល​ផ្ទុយ​នឹង​គោលការណ៍​អ​ព្យា​ក្រិ​ត្យ​ភាព​របស់​គ្រឹះស្ថានសិក្សា ជាពិសេស​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការអប់រំ​។​

​លើសពីនេះទៅទៀត នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​នេះ គ្រឹះស្ថាន​អប់រំ​មួយចំនួន​ក៏ត្រូវ​គេ​ដឹងថា បាន​ហាម​មិន​ឲ្យ​មានការ​ចោទសួរ​សំណួរ​ពាក់ព័ន្ធ​នយោបាយ​នៅក្នុង​កម្មវិធី​ជួបជុំ​ក្រុមនិស្សិត និង​មន្ត្រី​របស់​រដ្ឋាភិបាល​ផងដែរ​។​

​ការ​រឹតបន្តឹង​នេះ​ត្រូវ​ក្រុម​អ្នកសង្កេតការណ៍​នយោបាយ​ឲ្យ​ដឹងថា បានកើត​ឡើង បន្ទាប់ពី​វប្បធម៌​សន្ទនា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ការ​ប្រេះស្រាំ និង​ស្រប​ពេលដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ព្រួយបារម្ភ​ជ្រុល​ហួសហេតុ​អំពី​ការ​ផ្ទុះឡើង​នៃ​បដិវត្តន៍​ពណ៌​។​

​និស្សិត​ម្នាក់​ឈ្មោះ​គង់ រ៉ៃ​យ៉ា​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ដាក់គុក​រយៈពេល​១៨​ខែ​កាលពី​ខែមីនា​កន្លងទៅ ក្រោយពេល​និស្សិត​រូបនេះ​សរសេរ​អំពី​ការចង់​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី «​ការផ្លាស់ប្ដូរ​សម្រាប់​ស​ង្គ​ម​ខ្មែរ​»​។​

​លោក​កែម ឡី អ្នកវិភាគ​សង្គម បាន​ប្រាប់ VOA ថា ការបន្ត​រារាំង​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​នៅតាម​គ្រឹះស្ថាន​អប់រំ បាន​ទាញ​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ដើរ​ថយក្រោយ​។​

​លោក​ថ្លែងថា ការណ៍​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​អ្នកនយោបាយ ដែលមាន​ចិត្ត​លោភលន់ បន្ត​ការកសាង​ទ្រព្យ​របស់ខ្លួន ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​បានត្រឹមតែ​ចាកចោល​ស្រុក សម្រុក​ទៅធ្វើ​ការ​នៅ​បរទេស​។​

«​ប៉ុន្តែ​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​ចំណាកស្រុក​ច្រើន​ទៅ ក្រ​ក៏​ច្រើន​ទៅ បញ្ហា​ចោរលួច ចោរប្លន់ ចោរ​គាស់​ផ្ទះ ឃាតកម្ម គ្រឿងញៀន​អី​ក៏​ច្រើន​ទៅ​។ អញ្ចឹង​វឹកវរ​នៅក្នុង​សង្គម​ដូច​បច្ចុប្បន្ន​អញ្ចឹង​»​។​

​លោក​ឲ្យ​ដឹង​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​មនុស្ស ដែល​មិន​ស្របតាម​គោលនយោបាយ​របស់ខ្លួន ធ្វើ​សកម្មភាព​នយោបាយ​នៅ​គ្រឹះស្ថាន​អប់រំ​ទេ តែ​សកម្មជន​គណបក្ស​នេះ​បានធ្វើការ​យ៉ាង​ផុសផុល​ក្នុងការ​កៀងគរ​មនុស្ស​ម្នារ​ឲ្យ​មក​គាំទ្រ​ខ្លួន នៅតាម​គ្រឹះស្ថាន​អប់រំ​ទៅវិញ​។​

«​បើសិនជា​យើង​ជ្រុល​ថា បិទ​ទាល់តែ​យើង​បិទ​ទាំងអស់គ្នា រឿង​នៅក្នុង​សាលារៀន នៅក្នុង​អីហ្នឹង​។ ...​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​កុំ​យក​វេទិកា​ហ្នឹង​ទៅ​និយាយ​រឿង​នយោបាយ​ដែរ នៅក្នុង​សាលារៀន ហើយ​យើង​កុំ​ចូលរួម​បង្កើត​សមាជិក​គណបក្ស ជា​និស្សិតៗ​ហ្នឹង ជា​សមាជិក​របស់​គណ​បក្ស​នៅក្នុង​សាលារៀន​។ កុំ​ឲ្យ​មាន​បណ្តាញ​គណបក្ស​នៅក្នុង​សាលារៀន​។ អាហ្នឹង​បាន​វា​ត្រូវ​ស្មើភាព​គ្នា​»​។​

​ទោះណាជា​មានការ​រិះគន់​ពី​ក្រុម​អ្នកស្រាវជ្រាវ និង​អ្នកវិភាគ​សង្គម​អំពី​ការគាបសង្កត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​គ្រឹះស្ថាន​អប់រំ​យ៉ាងនេះ​ក្តី លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា មិនបាន​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការប្រើ​សិទ្ធិ​នយោបាយ​នោះទេ​។​

«​អាហ្នឹង​រឿង រឿង​លោកគ្រូ​ទាល់តែ​ខ្លួន​គាត់​។ គាត់​យល់ឃើញ​យ៉ាងម៉េច ដូចជា​គាត់​ចង់​ប្រមូល​ផ្គុំ​សតិអារម្មណ៍​កូនសិស្ស គាត់​ឲ្យ​ប្រមូល​ទៅ​រៀន​តាម​ចំណេះវិជ្ជា ដែលមាន​ក្នុង​ក្របខណ្ឌ​កម្មវិធីសិក្សា​។ បើសិនណា​ជា​កូនសិស្ស​មក​និយាយ​រឿង​នយោបាយ វា​ខុសពី​កម្មវិធីសិក្សា​របស់គាត់ អាហ្នឹង​គាត់​ម៉េច​នឹង​អនុញ្ញាត​»​។​

​លោក​បញ្ជាក់ថា គណបក្ស​គ្រប់គ្រង​ប្រទេស​ពុំមាន​បំណង​ដឹកនាំ​ប្រទេស​ដោយ​ខ្លួនឯង ដោយ​មិន​ឲ្យ​មាន​សំឡេង​ពី​ក្រុម​អ្នកនយោបាយ​ជំទាស់ ដូចដែល​ប្រទេស​កុ​ម្មុយ​និ​ស្ត​បានធ្វើ​នោះដែរ​។​

«​វា​មិនមែន​មួយ​បក្ស​ទេ អាហ្នឹង​! សភា​មាន​ពីរ​បក្ស បើ​គាត់​មិន​ចូល អាហ្នឹង​រឿង​គាត់​តើ​? ពីព្រោះ​គាត់​ចូល​ស្បថ ចូលកាន់​តំណែង​តាំងពី​ខែ​៥ ខែ​៦ ខែ​៧ ខែ​៨ ឆ្នាំ​២០១៤​មក​។ ពេលដែល​ប្រជុំ​ហ្នឹង​គឺថា សម្ដេច​ប្រធានសភា​តែងតែ​អញ្ជើញ​គ្រប់​តំណាងរាស្ត្រ​ទាំងអស់​ឲ្យ​ចូលរួម​។ បើ​គាត់​មិន​ចូលរួម អាហ្នឹង​បានសេចក្ដីថា សិស្ស​រត់ចោល​សាលា​ទេ មិនមែន​សាលា​បិទទ្វារ​មិន​ឲ្យ​គាត់​ចូល​ទេ​»​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​អំពី​ការកសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​គ្រឹះស្ថាន​អប់រំ លោក​សុខ ឥសាន អ្នកតំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​ពន្យល់ថា​៖

«​កុំ​ឲ្យ​គាត់​និយាយ បើ​ឃើញ​គេ​ធ្វើ​ខុសច្បាប់ ឲ្យ​គាត់​ប្តឹងទៅ​! អាហ្នឹង​វា​មានតែ​ផ្លូវ​ហ្នឹង​ទេ​។ បើ​ដើរ​និយាយ​ទេ អាហ្នឹង​គឺថា វា​ផ្សែង​ក្នុង​ផ្សែង ក្នុង​ពពក​អញ្ចឹង អាហ្នឹង​យកជាការ​មិនបាន​ទេ​។ យើង​ចាត់ទុកជា​ការឃោសនា​មួលបង្កាច់​។ អញ្ចឹងទេ បើ​គាត់​មាន​ភស្តុតាង​ច្បាស់លាស់ ឲ្យ​គាត់​ប្តឹងទៅ​»​។​

​ជាមួយគ្នានេះដែរ លោក​សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ បាន​មានប្រសាសន៍ថា គ្រឹះស្ថានឧត្ដមសិក្សា​រប​ស់លោក​មិនបាន​ហាម​មិន​ឲ្យ​និស្សិត​និយាយ​ពី​នយោបាយ​នោះទេ​។​
















ភ្នំពេញ​៖ ជាង​២៥​ឆ្នាំក្រោយ​ការបញ្ចប់​ការដឹកនាំ​ប្រទេស​តាម​របប​នយោបាយ​កុ​ម្មុយ​និ​ស្ត រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​ក្រុមអ្នកវិភាគ​សង្កេតឃើញ​ថា បាន​ព្យាយាម​ទាញ​ប្រទេស​ខ្លួន​ឲ្យ​វិល​ទៅរក​របប​នយោបាយ​កុ​ម្មុយ​និ​ស្ត ដែល​មិន​ផ្ដល់​តម្លៃ​ដល់​ការបញ្ចេញមតិ​។​

លោក​បញ្ជាក់​បន្ថែមថា ប្រសិនបើ​មិន​ឲ្យ​និយាយ​ពី​រឿង​នយោបាយ កម្ពុជា​មិនចាំបាច់​មានការ​បោះឆ្នោត​រើស​តំណាងរាស្ត្រ​នោះឡើយ​។​

«​អានេះ ជា​សង្គម​ប្រជាធិបតេយ្យ​។ វា​មិនអាច​មិន​ឲ្យ​និយាយ​បញ្ហានយោបាយ​ទេ​។ មិន​ឲ្យ​និយាយ​នយោបាយ កុំ​បោះឆ្នោត​ទៅ​។ បើ​យើង​បោះឆ្នោត យើង​ត្រូវតែមាន​ហើយ​នយោបាយ​។ គណបក្ស​នេះ​មាន​គោលនយោបាយ​ម៉េច មាន​វប្បធម៌​អា​ម៉េច អី​ម៉េច​។ យើង​វា​អត់​អាច​ទៅបាន [​អញ្ចឹង​] ទេ​»​។​

​ប្រទេស​កម្ពុជា​ត្រូវគេ​ដឹងថា បាន​ដើរ​ចាក​ចេញពី​របប​កុ​ម្មុយ​និ​ស្ត បន្ទាប់ពី​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ដែល​ភាគច្រើន​កាន់​យក​របប​ប្រជាធិបតេយ្យ ក្នុង​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នាទី​ក្រុងប៉ារីស​កាលពី​ឆ្នាំ​១៩៩១​។​

​ក៏ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​អ្នកវិភាគ​នយោបាយ​ពណ៌នា​ថា បាន​បង្ខិត​ខ្លួន​ទៅ​កៀក​នឹង​ប្រទេស​ចិន​កុ​ម្មុយ​និ​ស្ត និង​មិនសូវមាន​ភាពស្និទ្ធស្នាល​ជាមួយ​បស្ចិមប្រទេស ដែល​ផ្ដល់​តម្លៃ​ដល់​សិទ្ធិ​ក្នុងការ​និយាយស្តី​នោះឡើយ​៕

0 comments:

Post a Comment

Khmer Proverb