ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១២:០០ (23-02-2016 12:00)
រាជធានីភ្នំពេញ ៖ ដោយសារកំណើននាវា និងទំនិញនាំចេញ-នាំចូលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែកាន់តែច្រើនឡើងៗ រហូតស្ទើរគ្មានលទ្ធភាពសម្រាប់ស្តុកទំនិញនាំចេញ និងនាំចូល និងស្ទើរតែគ្មានគ្រឿងចក្រសម្រាប់លើកដាក់ទំនិញនោះ ពេលនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុបានពង្រីកវិសាលភាពរបស់ខ្លួន ទាំងទំហំផ្ទៃដីកំពង់ផែ ការនាំចូលឧបករណ៍លើកដាក់ទំនិញបន្ថែម និងសាងសង់ផែបន្ថែមទៀត ។
លោក លូ គឹមឈុន អគ្គនាយកគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ « លទ្ធផលប្រចាំឆ្នាំ២០១៥កន្លងទៅនេះ ការងារអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានដំណើរការល្អ និងទទួលបានជោគជ័យគួរជាទីមោទនៈ ។ បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែមានកំណើនប្រមាណ១៧,៨៩% បើធៀបនឹងឆ្នាំ២០១៤ កន្លងទៅនេះ។ សម្រាប់នាវាវិញមានកំណើនប្រមាណ១៥% ហើយនាវាទេសចរណ៍ឆ្លងកាត់មានប្រមាណ១៧% ផងដែរ ។ ជាទូទៅ លទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នាំ២០១៥ ធៀបនឹងឆ្នាំ២០១៤ យើងទទួលបានកំណើនមួយខ្ពស់ ដែលជាមោទនភាពមួយរបស់កម្ពុជាយើង ។ ជាក់ស្ដែង កុងតឺន័រដែលឆ្លងកាត់កំពង់ផែ មានកំណើនប្រមាណ៧៣% » ។
លោកមានប្រសាសន៍បន្តថា ៖ « បើតាមសមត្ថភាពរបស់កំពង់ផែសព្វថ្ងៃនេះ អាចលើកដាក់បានតែ៣៥០ពាន់កុងតឺន័រទេក្នុងមួយឆ្នាំ តែសម្រាប់ឆ្នាំ២០១៥កន្លងមកនេះ កំណើនកុងតឺន័របានកើនឡើងជិត៤០០ពាន់កុងតឺន័រទៅហើយ គឺវាលើសពីសមត្ថភាពរបស់កំពង់ផែ ដែលត្រូវការពង្រីកវិសាលភាពជាបន្តបន្ទាប់ទៀត ។ ដោយមើលឃើញពីកំណើនខ្ពស់បែបនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យកំពង់ផែទិញគ្រឿងចក្រពីរបន្ថែមទៀតសម្រាប់លើកដាក់ទំនិញ ដែលមួយគ្រឿងឬមួយសម្រាប់ ត្រូវចំណាយលុយប្រមាណ១២លានដុល្លារអាមេរិក នឹងមកដល់កំពង់ផែនៅចុងឆ្នាំ២០១៦នេះ ហើយមួយគ្រឿងឬមួយសម្រាប់ទៀត នឹងមួយដល់នៅដើមឆ្នាំ២០១៧ ខាងមុខនេះ » ។
លោកបន្ថែមថា ៖ « យើងសង្ឃឹមថា បន្ទាប់ពីគ្រឿងចក្រលើកដាក់កុងតឺន័រពីរសម្រាប់នោះមកដល់កម្ពុជា បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ នឹងមានកំណើនឡើងជាបន្តបន្ទាប់ទៀត ហើយនឹងធ្វើឱ្យកំពង់ផែរបស់យើង អាចជាកំពង់ផែសំខាន់មួយនៅក្នុងតំបន់ ។ ជាមួយគ្នានេះដែរ យើងក៏មានទិសដៅពង្រីកផែបន្តទៅទៀត ។ បន្ទាប់ពីគ្រឿងចក្រលើកដាក់កុងតឺន័រពីរបន្ថែមទៀតមកដល់នៅឆ្នាំ២០១៩ ឬ២០២០ យើងសង្ឃឹមថា បរិមាណកុងតឺន័រនឹងកើនឡើងលើសពី៧០០ពាន់កុងតឺន័រក្នុងមួយឆ្នាំ ។ យើងក៏ត្រូវគិតគូរធ្វើផែប្រវែង៣៥០ម៉ែត្របន្តទៅទៀត និងមានជម្រៅទឹក១៣ម៉ែត្រ ដើម្បីទប់ទល់នឹងកំណើនកុងតឺន័រ និងអនុញ្ញាតឱ្យនាវានៅលើពិភពលោកអាចចូលចតកំពង់ផែរបស់យើងបាន យ៉ាងហោចណាស់ ក៏នាវា៨៣% នៃនាវាពិភពលោកអាចចូលចតបានដែរ » ។
លោកបញ្ជាក់ថា ៖ « ពេលនេះ ក្រុមការងារកំពុងសិក្សា និងគូរប្លង់ដើម្បីសាងសង់ពង្រីផែដែលត្រូវចំណាយលុយប្រមាណ៨៣លានដុល្លារអាមេរិក ហើយបន្ទាប់ពីពង្រីកផែថ្មីរួចហើយនោះ ក៏ត្រូវការគ្រឿងចក្របន្ថែមទៀត ដែលមានទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិកទៀត ។ ដូចនេះ ត្រូវការថវិកាធំធេងណាស់សម្រាប់ពង្រីកផែថ្មី » ។
លោកបញ្ជាក់ទៀតថា ៖ « វាជាការរីករាយណាស់នៅដើមឆ្នាំ២០១៦នេះ ដោយមាននាវាទេសចរណ៍មកចូលចតកំពង់ផែក្រុងព្រះសីហនុជាបន្តបន្ទាប់ ដែលថ្ងៃខ្លះ១គ្រឿង ហើយថ្ងៃខ្លះទៀតមានរហូតដល់២គ្រឿង ។ កាលពីឆ្នាំ២០១៤ កំពង់ផែទទួលបាននាវាទេសចរណ៍ចំនួន២៤គ្រឿង, ឆ្នាំ២០១៥ ទទួលបាននាវាទេសចរណ៍ចំនួន៣៦គ្រឿង ហើយសម្រាប់ឆ្នាំ២០១៦នេះ គ្រាន់តែរយៈពេលមិនដល់ពីរខែផង យើងទទួលបាននាវាទេសចរណ៍ចំនួន១៧គ្រឿង ។ កាលពីមុន នាវាទេសចរណ៍ចេញពីថៃទៅវៀតណាម គេរំលងផែយើង ជួនកាលចេញពីវៀតណាមទៅថៃ ក៏រំលងផែយើងដែរ តែឥឡូវនេះឃើញថា ស្ទើរតែអត់មានរំលងទេ » ។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែធំជាងគេរបស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នៅឆមាសទី១ឆ្នាំ២០១៦នេះ ៕
0 comments:
Post a Comment