រាជធានីភ្នំពេញ៖ បេក្ខជនប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៤-២៥ ខែសីហា ខាងមុខនេះ មកពីបណ្ដាវិទ្យាល័យចំនួនពីរស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានប្រាប់ KQUBE ឲ្យបានដឹងនូវការរំពឹងទុកនៃការប្រលងរបស់ពួកគេថា ពួកគេមានការសង្ឃឹមជាប់ត្រឹមតែ៧០ភាគរយប៉ុណ្ណោះ ចំពោះការប្រលងដែលកៀកជិតមកដល់ខាងមុខនេះ។
បេក្ខជន សៅ សុធន មកពីវិទ្យាល័យចំរើនរ័ត្ន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា រូបគេមានសេចក្ដីសង្ឃឹមត្រឹមតែ៧០ភាគរយប៉ុណ្ណោះ ចំពោះលទ្ធផលនៃការប្រលងសញ្ញាប័ត្របាក់ឌុបនៅថ្ងៃទី២៤ ខាងមុខនេះ។ បេក្ខជនរូបនេះបានបន្តថា ដោយហេតុតែគេមានសេចក្ដីសង្ឃឹមត្រឹមតែ ៧០ភាគរយដូច្នេះ ព្រោះនេះជាអ្វីដែលរូបគេបានត្រៀមរួចជាស្រេចសម្រាប់ថ្ងៃប្រលងនោះ ចំណែកឯ៣០ភាគរយទៀតដែលរូបគេមិនធ្វើការរំពឹងទុកឲ្យគ្រប់១០០ភាគរយនោះ ដោយសារតែគេមិនដឹងថា វិញ្ញាសាប្រលងនោះ ចេញមកលំបាកប៉ុណ្ណា ឬក៏ស្រួលប៉ុណ្ណា ត្រង់នេះគេមិនដឹង។ ហេតុដូច្នេះហើយ សុធន គឺសុំសង្ឃឹមទុកត្រឹមតែ៧០ភាគរយសិនបានហើយ។
ក្នុងនោះដែរបេក្ខភាពមួយក្រុមទៀតដែលត្រូវប្រលងបាក់ឌុបនៅថ្ងៃខាងមុខនេះដែរ ពួកគេមកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងឱកាសពួកគេចូលស្ដាប់បទបង្ហាញមួយស្ដីអំពីគន្លឹះជោគជ័យក្នុងការប្រលងបាក់ឌុប នូវអាគារកោះពេជ្រ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានផ្ដល់បទសម្ភាសន៍ដល់គេហទំព័រព័ត៌មាន KQUBE ឲ្យបានដឹងផងដែរថា ពួកគេក៏មានសង្ឃឹមទៅការប្រលងបាក់ឌុបនៅថ្ងៃខាងមុខនេះ ត្រឹមតែ៧០ភាគរយផងដែរ ព្រោះថាមកដល់ពេលនេះ ពួកគេទាំងសុទ្ធតែដឹងយ៉ាងច្បាស់ថា ក្រសួងអប់រំមានការរឹតបន្តឹងក្នុងការប្រលង ហើយក្នុងនោះដែរ ក្រសួងក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឃ្លាំមើលការប្រលងនេះផងដែរ ដូច្នេះអ្វីដែលពួកគេសង្ឃឹម៧០ភាគរយនោះ គឺជាអ្វីដែលពួកគេបានត្រៀមទុក ក៏ដូចជាចំណេះដឹងដែលពួកគេបានរៀននាពេលកន្លងមកតែប៉ុណ្ណោះ។
គួររំលឹកផងដែរ ចំពោះការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តិនៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ លោកគ្រូ ជ័យ ថាវី សាស្ត្រាចារ្យគីមីវិទ្យាដ៏ល្បីឈ្មោះ ក៏បានផ្ដល់គន្លឹះសំខាន់ៗមួយចំនួន ដើម្បីជូនដល់ប្អូនៗបេក្ខភាពដែលត្រូវប្រលងនៅថ្ងៃខាងមុខ ទុកជាការត្រៀមខ្លួន ដើម្បីឲ្យទទួលបានជោគជ័យក្នុងការប្រលងផងដែរ។ សូមទស្សនាវីដេអូរបស់លោកខាងក្រោម៖
0 comments:
Post a Comment