Sunday, August 23, 2015

លោក ​ឈិ​ត សុ​ខុន អភិបាលខេត្ត​​​ អញ្ជើញ​ចូលរួម​​បើក​វិញ្ញាសាប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ក្រុងព្រះសីហនុ

ដោយ ៖ ជុំ ប៉ូ

ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១០:០៦

​ខេត្ត​ព្រះ​សីហនុ ៖ ​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡាខេត្ត​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​​នៅ​​​ព្រឹក​ថ្ងៃ​ទី២៤ ​សីហា ​នេះថា នៅ​ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ (​សញ្ញាបត្រ​បាក់​ឌុ​ប​) ​​​ចាប់ផ្តើម​​​​នៅ​ថ្ងៃ​ទី២៤/​២៥ សីហា ​២០១៥ សម្រាប់​ខេត្ត​ព្រះ​សីហ​នុ មាន​បេក្ខជន​និង​បេ​ក្ខ​នារីមក​ចូលរួម​ប្រឡង​សរុប​​ចំនួន​១.៥៧៣​នាក់​ ហើយ​ចែក​ចេញ​ជា​៣​មណ្ឌល​ប្រឡង គឺ​ ១-​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​ ២-មណ្ឌល​​អនុ​វិទ្យាល័យ​កម្មករ​ និង៣-​មណ្ឌល​​វិទ្យាល័យ​ក្រុង ​​ចែក​ចេញ​ជា៦៤​បន្ទប់ ។

លោក​ប្រធាន​មន្ទីរ​​​ខេត្ត​ ​បាន​​បន្ត​​ថា នៅ​ក្នុង​កម្មវិធី​នៃ​វិញ្ញាសា​ប្រឡង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន មិត្តភាព និងមណ្ឌល​ប្រឡង​វិទ្យាល័យ​ក្រុង ​បេក្ខជនបេ​ក្ខ​នារី​​ មណ្ឌល​ខាងលើ ប្រឡង​លើ​វិញ្ញាសាវិទ្យាសាស្ត្រ​ ​​ចំណែក​​មណ្ឌល​អនុ​វិទ្យាល័យ​កម្មករ​ប្រឡង​លើ​វិញ្ញាសាមុខ​វិជ្ជា​សង្គម​ ។

លោក កែវ ឡាយ បាន​បញ្ជាក់​ថា ជា​កិច្ច​ចាប់ផ្តើម​បើក​វិញ្ញាសាប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ក្រុង ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​លោក ​ឈិ​ត សុ​ខុន អភិ​បាល​ខេត្ត​ ​​ ​​មន្ត្រី​ជា​អ្នកសង្កេតការណ៍​មក​ពី​អង្គភាព ACU និងមន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន១២អង្គការ ​​ចូលរួម​ត្រួតពិនិត្យ​ហឹប​វិញ្ញាសា​យ៉ាង​ល្អិតល្អន់​សំដៅ​ពង្រឹង និង​លើក​ស្ទួយ​គុណភាព​អប់រំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​ ។

លោក​បាន​បញ្ជាក់​​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ប្រឡង​ទាំង​៣មណ្ឌល​ខាងលើ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់​ល្អ ដោយ​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់ បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​លោកគ្រូ អ្នកគ្រូ ជា​គណៈមេប្រយោគ ជា​អនុរក្ស ក៏​ដូច​ជា​ការ​ណែនាំ​របស់​លោក​ប្រធាន​អប់រំ​យុវជន និងកីឡាខេត្ត​ ជាពិសេស គឺ​ការ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE







0 comments:

Post a Comment

Khmer Proverb