Tuesday, January 20, 2015

T-01-13-15-n-full
ភ្នំពេញ ៖ ក្រសួងសុខាភិបាល​គ្រោង​នឹង​សាងសង់​អគារ​កំពស់​២​ជាន់​នៅក្នុង​មណ្ឌល​សុខភាព​រកា​ស្ថិតនៅ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែល​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ច្រើន​សំរាប់​ជាទី​កន្លែង​ព្យាបាល​ជំងឺ​ឱកាស​និយម​និង​ផ្តល់​សេវា​គាំពារ​ផ្នែក​សង្គម​ព្រមទាំង​ពិនិត្យ​ព្យាលបាល​ជំងឺ​ផ្សេងៗ​ទៀត។
លោក​វេជ្ជបណ្ឌិត​មាន​ឈី​វុន​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើស្បែក​និង​កាមរោគ​បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា ដោយសារ​ឃើញ​មណ្ឌល​សុខភាព​ជាទី​កន្លែង​មួយ​មាន​ទីធ្លា​ធំ​ទូលាយ​ហើយ​មាន​ប្រជាពលរដ្ឋ​ទៅ​រក​សេវា​ច្រើន​នោះ​ទើប​ក្រសួងសុខាភិបាល​សំរេច​ថា​នឹង​សាងសង់​អគារ​មួយ​មាន​កំពស់​២​ជាន់​នៅក្នុង​មណ្ឌល​សុខភាព​នោះ​ដើម្បី​ពង្រឹង​សេវា​សុខាភិបាល​នៅ​ទៅ​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ពិសេស​ក្នុង​ការ​លើក​កំពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ជាប់​នឹង​ឃុំ​រកា​ព្រោះថា​អគារ​នេះ​មិនមែន​សំរាប់​តែ​បំរើ​លើ​ផ្នែក​ជំងឺ​អេដស៍​តែមួយ​នោះ​ទេ​ពោល​គឺ​មាន​សេវា​ជាច្រើន​ទៀត​ដូចជា​សេវា​គាំពារ​ផ្នែក​សង្គម ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម​ជាដើម។
មណ្ឌល​សុខភាព​រកា​ស្ថិតនៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​រួចមក​ត្រូវ​បាន​គេ​ស្គាល់​ជា​កន្លែង​មួយ​ដែល​មាន​អ្នកភូមិ​ឆ្លង​មេរោគ​អេដស៍​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះថា​សុខៗ​មានការ​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដោយ​មិនដឹង​មូលហេតុ​និង​មិនដឹង​ពី​ប្រភព​ចំលង។ ប៉ុន្តែ​បន្ទាប់ពី​ការស្រាវជ្រាវ​រួចមក​លទ្ធផល​បាន​ដឹង​ហើយ​ថា ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ទីនោះ​គឺ​បណ្តាល​មក​ពី​ការ​ចាក់​ថ្នាំ​និង​ព្យួរសេរ៉ូម។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម រវាង​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​អិន​អេដស៍ ចុះផ្សាយ​នៅ​ថ្ងៃទី៩ មករា បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ ដែល​រួមបញ្ចូល​ទាំង​ការសិក្សា​លើ​ករណី​ឆ្លង និង​មិន​ឆ្លង​មេរោគ​អេដស៍ បង្ហាញថា អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​ចាក់​ថ្នាំ និង​ចាក់​សេរ៉ូម មាន​កម្រិត​ខ្ពស់​ជាង​អ្នក​មិន​ឆ្លង​មេរោគ​អេដស៍។
គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២២ ខែធ្នូ លោកគ្រូ​ពេទ្យ​ឯកជន​ក្នុងភូមិ លោក យ៉ែម ជ្រិ​ន ដែល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចម្លង​ជំងឺអេដស៍​ទៅ​មនុស្ស នៅ ក្នុងភូមិ​រកា ត្រូវ​បាន​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការសម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន​បី​បទល្មើស ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។
នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ពលរដ្ឋ​ឃុំ រកា ចំនួន ១៩៤០ នាក់ បាន​ស្ម័គ្រចិត្ត​ទទួល​ការ​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ក្នុង​នោះ​ចំនួន ២១២ នាក់​បាន​រក​ឃើញ​ឆ្លង​មេរោគ​អេដស៍ ដែល​មាន​អ្នកភូមិ​រកា​ចំនួន ១៧៤ នាក់ ស្មើនឹង ៨២%
ក្នុងចំណោម​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន ២១២ នាក់​នោះ គឺ​មាន​កុមារ​អាយុ​ក្រោម ១៤ ឆ្នាំ ចំនួន ៣៩​នាក់ ស្មើនឹង ១៨ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ​ដល់ ៥៩ ឆ្នាំ ចំនួន ១២៧ នាក់ ស្មើនឹង ៦០និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន ៤៦ នាក់ ស្មើនឹង ២២%
លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គ្រប់​គ្រឹះស្ថាន​សុខាភិបាល​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត​ការ​បង្ការ​មេរោគ​អេដស៍ ដោយ​ប្រើប្រាស់​សម្ភារ​បរិក្ខារ​ពេទ្យ​ដែល​បាន​រម្ងាប់​មេរោគ​ត្រឹមត្រូវ។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា «​ក្រសួងសុខាភិបាល​បាន​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​របស់ ក្រសួង ដោយ​បញ្ឈប់​អ្នក​ប្រកប​របរ​រកស៊ី​ព្យាបាល​ជំងឺ​ដែល​ពុំមាន​ច្បាប់ អនុញ្ញាត​ត្រឹមត្រូវ​»
ចំណែកឯ​លោក​វេជ្ជបណ្ឌិត ដុង អ៊ិ​ល​អា​ញ់ តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា សារៈសំខាន់​នៃ ការ​ឆ្លើយតប​ដ៏​ឆាប់រហ័ស របស់​ក្រសួងសុខាភិបាល​ចំពោះ​បញ្ហា​ខាងលើ​គឺ​បាន​ទប់ស្កាត់​នូវ​ការ​ឆ្លង រាលដាល​មេរោគ​អេដស៍​បន្ត​ទៀត។
លោក​បាន​បន្ត​ថា «​មានការ​ចាំបាច់​ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ចំពោះ​ផ្នែក​សុខាភិបាល​ឯកជន និង​អ្នក​ពុំ​មាន​វិជ្ជាជីវៈ​ពេទ្យ​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​ការថែទាំ និង​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​»
ក្រសួងសុខាភិបាល ក៏​ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ១៦១ នាក់ បាន​ចុះឈ្មោះ​នៅ​សេវា Pre-Art ក្នុងនោះ​ចំនួន ៧៨ នាក់ បានទទួល​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​រួចហើយ៕

0 comments:

Post a Comment

Khmer Proverb