Tuesday, January 13, 2015

មរណភាពលោកហែម ថុន

M13-01-15-u-full
from កម្ពុជាថ្មី:នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៥ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ា​ត់​ចំរើន អគ្គលេខាធិការ បាន​ដឹកនាំ​គណៈ​​ប្រតិភូ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ហែម ថុ​ន ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ ក៏ដូចជា​សហព័ន្ធ​កីឡាហែលទឹក។
លោក ហែម ថុ​ន បាន​ទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មករា ដោយ​រោគាពាធ​ក្នុង​អាយុ​៧៦​ឆ្នាំ។ លោក​ប្រធាន​អូឡាំពិក បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​ធំធេង​បំផុត ដែល​បាត់បង់​នូវ​ធនធាន​កីឡា​ដ៏​សំខាន់​នេះ ដោយ​លោក​បាន​ចាត់​ទុក​ថា ជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​គួរ​សោកស្តាយ​បំផុត ក្នុងពេល​អតីត​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ​ជើងចាស់​រូប​នេះ និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាហែលទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បូជា​មួយ​ជីវិត​របស់​លោក ដើម្បី​កីឡា។

ក្នុងនាម​ជា​អ្នកឈ្នះ​មេដាយ​ក្នុង​ទសវត្ស​៦០ លោក​ក៏​ជា​អ្នកមាន​ស្នាដៃ​ធំធេង​ដែរ​សម្រាប់​ពេលបច្ចុប្បន្ន ជាក់ស្តែង​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​ខេត្តកំពង់ចាម ដែល​មិនទាន់​បានបញ្ចប់​នៅឡើយ លោក​បាន​ខិតខំ​ខ្លាំង​ដោយ​ទៅ​ពិនិត្យ​ការសាងសង់​ជាប្រចាំ​។
រំលឹក​ពី​ប្រវត្តិ​លោក​ហែម ថុ​ន គឺជា​អ្នក​ហែល​ទឹក ដ៏​ល្បីល្បាញ​មួយរូប​ដែរ កាលពី​ជំនាន់​ទសវត្ស​ឆ្នាំ​៦០​នោះ។ ក្រោយ​សម័យ​ប៉ុល ពត​លោក​បាន​វិល​ត្រឡប់មក​ទីក្រុង​ភ្នំពេញ​វិញ​ហើយ​ចូលរួម​ជាមួយ​វិស័យ​កីឡា​ក្នុង​ស្ថាប័នរដ្ឋ និង​ប្រឡូក​ក្នុង​កីឡាហែលទឹក ក្នុងនាម​ជា​គ្រូបង្វឹក​បន្តទៀត រហូត​ទទួលបាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​ក្នុង​សាលា​កីឡា ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក ហើយ​នៅពេល​ចូលនិវត្តន៍​លោក​នៅតែ​អ្នកគ្រប់គ្រង​ក្នុង​សហព័ន្ធ​ហែល​ទឹក និង​ជា​អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រហូតដល់​សព្វថ្ងៃ។
មុនពេល​ទទួលមរណភាព​លោក​ហែម ថុ​ន បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​នៅ​ថ្ងៃទី​១៧​ធ្នូ។ លោក​បាន​ក្អក​ធ្លាក់ឈាម និង បន្ទោបង់​ធ្លាក់ឈាម​យ៉ាងច្រើន ហើយ​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ម្តង​រួចមកហើយ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុងភ្នំពេញ។ ស្ថានភាព​សុខភាព​របស់លោក បាន​ធូរស្បើយ​និង​បាន​ចេញពី​មន្ទីរពេទ្យ​មកវិញ។
ក្រោយពី​ចេញពី​មន្ទីរពេទ្យ​វិញ​នោះ លោក​ហែម ថុ​ន មិន​នៅ​ស្ងៀម​ទេ ហេតុតែ​ធ្លាប់ជា​មនុស្សនិយម​និង​ខ្វាយខ្វល់​នឹង​ការងារ លោក​ក៏​បានមក​ធ្វើ​សន្និសីទកាសែត​និង​រៀបចំ​ការប្រកួត​ហែល​ទឹក​ពានរង្វាន់​យុវជន​លើក​ទី​៦ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​ទី​៨ ខែ​​មករា​កន្លងមក​មក​នេះ ធ្វើ​ឲ្យ​ជំងឺ​រើ​ឡើងវិញ ហើយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជា​លើក​ទី​២​នា​ថ្ងៃអាទិត្យ​ទី​១១ ខែ​​មករា។ ដោយសារ​សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មិន​សង្គ្រោះ​បាន លោក​ហែម ថុ​ន បាន​ទទួល​មរណភាព​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​១២​ ខែ​មករា ឆ្នាំ​​២០១៥​នេះ៕

0 comments:

Post a Comment

Khmer Proverb