ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:១៨
ពិធីនេះធ្វើឡើងនៅសៀលថ្ងៃទី២២ មីនា ២០១៥ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ភរិយាលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងកុះករ ។
ពិធីក្រុងពាលីនេះធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ដើម្បីសុំ ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើនដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ដែលភ្ជាប់ជាមួយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ របស់អ្នកឩកញ៉ា សុខ គង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ មីនា ២០១៥នេះ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា «រូបសំណាកព្រះនាងប្រាជ្ញាបារមីដែលសាលារាជធានីភ្នំពេញអភិសេក ឬក្រុងពាលីនេះ គឺជាតួអង្គព្រះពោធិ៍សត្វដែលបង្ហាញឡើងក្នុងរូបភាពជាស្ត្រីដែល ជានិមិត្តរូបនៃចំណេះដឹងខ្ពស់បំផុតក្នុងវិស័យព្រះពុទ្ធសាសនានិកាយ មហាយាន ជាសាសនាមួយមានការពេញនិយមនៅក្នុងរាជព្រះបាទជ័យវរ្មន័ទី៧នា ចន្លោះសតវត្សទី១២ និងទី១៣នៃគ្រិស្តសករាជ ។
ព្រះនាងជ័យរាជទេវី ដែលជាអគ្គមហេសីនៃព្រះបាទជ័យវរ្មន័ទី៧ បានបង្ហាញឡើងក្រោមរូបភាពជាព្រះនាងប្រាជ្ញាបារមីតាមសិលាចារឹកភិ មានអាកាស។ និមិត្តរូបនេះបង្ហាញអំពីវីរភាពរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ កំពូល និងមានប្រជាប្រិយភាព»។
ទាក់ទិនជាមួយការស្ថាបនារូបសំណាកវិញ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា «រូបសំណាកព្រះនាងប្រាជ្ញាបារមីនេះ សាងសង់ឡើងពីថ្មភក់ កំពស់៥,៤០ម៉ែត្រ សង់លើជើងទម្រកំពស់៣ម៉ែត្រ ទទឹង២,២៥ម៉ែត្រ ធ្វើពីបេតុង និងខាងក្រោមមានបំពាក់ក្បាច់លំអធ្វើពីថ្មដុះ និងលំអដោយរូបអប្សរាចំនួន១២ ព្រមទាំងបំពាក់អំពូលបំភ្លឺប្រភេទL.E.D គ្រប់ជ្រុងផងដែរ ៕
0 comments:
Post a Comment