Sunday, February 22, 2015

អតីត​តារា​ សម្តែង និង​អ្នកដឹក នាំ​រឿង​ លោក​ជុំ វណ្ណ​សន ទទួល មរណភាព ​ក្នុង​វ័យ​71​ឆ្នាំ

from khmerload៖រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាអ្នកដឹកនាំរឿង ជើងចាស់លោកជុំ វណ្ណសន ហៅហាក់ ហាន បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរោគារពាធ ក្នុងអាយុ៧១ឆ្នាំ ។
សពរបស់លោកជុំ វណ្ណសន ត្រូវក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅផ្ទះលេខ៣៣Eo សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញហើយបើតាមការគ្រោងទុក សពនឹងត្រូវគ្រួសារដង្ហែយកទៅបញ្ចុះ នៅដីឡូត៍មួយនាខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកសុវណ្ណ ភក្តី ជាកូនប្រុសរបស់លោកជុំ វណ្ណសន ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកជុំ វណ្ណសនធ្លាក់ខ្លួន ឈឺដោយសារជំងឺជាច្រើនមុខជា ច្រើនឆ្នាំមកហើយ ប៉ុន្តែអាការជំងឺធ្លាក់ក្នុង ដំណាក់កាលធ្ងន់ត្រឹមតែ មួយរយៈខ្លីចុងក្រោយនេះ។ លោកជុំ វណ្ណសន ឈឺធ្ងន់ បន្ទាប់ពីត្រឡប់ មកពីព្យាបាលនៅប្រទេសចិន រយៈពេលជាង១ខែ ហើយមុនទទួលមរណភាព លោកបានក្អកធ្លាក់ឈាម ហើយក្រុមគ្រួសារបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយសារតែមាន ជំងឺជាច្រើនមុខបូករួមទាំងមានជំងឺក្រពះ និងពោះវៀនធ្ងន់មិនអាច ទទួលទានអ្វីបានផងនោះ លោកជុំ វណ្ណសន ទទួល មរណនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
បើតាមការបញ្ជាក់ ពីលោកសុវណ្ណ ភក្តី អំឡុងពេលឪពុករបស់លោក ប្រឡូកក្នុងវិស័យសិល្បៈ គឺបានទទួលប័ណ្ណសរសើរ និងមេដាយជាបន្តបន្ទាប់ពីព្រះមហាវីរក្សត្រ និងពីក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសារតែឪពុករបស់ លោកបានចូលប្រឡូក ក្នុងវិស័យនេះតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ។
មានខ្សែភាពយន្តជាច្រើន រឿងដែលឪពុករបស់លោក ភក្តីបានចូលរួមសម្តែង ប៉ុន្តែចាំមិនអស់ឡើយ គឺនៅចាំខ្លះៗប៉ុណ្ណោះដូចជា រឿង «ចិត្តចងចាំ» រឿង«យំមួយពាន់ដង» «នរក៩ជាន់» រឿង «ព្រះបាទលំពង្សរាជា»(តួស្តេច) និងចូលរួមសម្តែង ក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ថ្វាយ ព្រះមហាវីរក្សត្រនរោត្តម សីហនុ ។
អ្នកនិយមទស្សនា ខ្សែភាពយន្តខ្មែរនា អំឡុងទសវត្សឆ្នាំ៨០ និង៩០ ប្រាកដជាបានស្គាល់ យ៉ាងច្បាស់តារាសម្តែងលោកជុំ វណ្ណសន ដែលច្រើនដើរតួជាឪពុក ។ វត្តមានសម្តែងរបស់ លោកវណ្ណសន នៅតែមានបន្ត បន្ទាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជា សម្តែងជា តួអង្គស្តេចក្នុងរឿង «ព្រះបាទលំពង្សរាជា» ជាដើម ហើយលោកក៏ជា គ្រូបង្ហាត់សម្តែងដល់អ្នកជំនាន់ ក្រោយផងដែរ ។
លោកជុំ វណ្ណសន មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានកូន៩នាក់ ក្នុងនោះកូនស្រីម្នាក់ របស់លោកជាអ្នករបាំបុរាណ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

សកម្មភាព ទាំង ១៥ យ៉ាង ដែលអ្នកគួរធ្វើ​ ជាប្រចាំ ដើម្បីឲ្យជីវិត មានន័យ និង សុភមង្គល

from khmerloa
ពិតណាស់ មនុស្សគ្រប់រូបសុទ្ធតែ ចង់រស់នៅមានក្ដីសុខ និង រីករាយ ។ ដើម្បីឲ្យជីវិតរបស់អ្នក ប្រកបដោយ ភាពរីករាយនោះ អ្នកត្រូវតែចេះរៀបចំនូវការរស់នៅ ប្រចាំថ្ងៃ របស់អ្នក ឲ្យបានល្អ ជាមុនសិន ជាមួយគ្នានេះ មានអត្ថបទមួយ ដែលរៀបរាប់ពី ចំនុចសំខាន់ ដែលយើងគួរតែ ធ្វើជាប្រចាំ ដើម្បីឲ្យជីវិតរស់នៅ ពោរពេញដោយសេចក្ដីសុខ ។ 
១. លំហាត់ប្រាណ ÷ ជាការពិត ការធ្វើលំហាត់ប្រាណជា មធ្យោបាយមួយដែលល្អបំផុតដែល ជួយឲ្យអ្នកមាន អារម្មណ៏រីករាយ ។ ការធ្វើលំហាត់ប្រាណជាប្រចាំ មិនមែនមានន័យថា អ្នកត្រូវទៅកន្លែង ហាត់ប្រាណរហូតនោះទេ អ្នកអាចហាត់នៅផ្ទះក៏បាន ។ អ្នកគួរតែភ្ញាក់ ពីគេង នៅពេលព្រលឹម ដើម្បីធ្វើ លំហាត់ប្រាណ ដែលជួយឲ្យអ្នក មានអារម្មណ៍ស្រស់ស្រាយ  ពេញមួយថ្ងៃ។
២. ការអរគុណ ÷ វាគឺ ជាពាក្យ គួរសម ដែលយើងគួរតែប្រើ នៅពេលដែល នរណាម្នាក់ បានជួយអ្នក ឬ ធ្វើការឲ្យអ្នក ដែលគួរតែនិយាយពាក្យ អរគុណទៅកាន់ពួកគេ ។ ជាពិសេស ការដឹងគុណ មានសារ:សំខាន់ណាស់ នៅក្នុងជីវិត រស់នៅប្រចាំថ្ងៃ ហើយការធ្វើដូច្នេះ នឹងធ្វើឲ្យអ្នកមានអ្នក ស្រលាញ់ និង ចូលចិត្តច្រើន ។
៣. សាកល្បងអ្វីដែលថ្មី ÷ វាមិនមែនមានន័យថា អ្នកត្រូវតែយកឈ្នះ ពិភពលោកនោះទេ ។ អ្នកគួរតែ សាកល្បងនូវរឿង ធម្មតាដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក ដូចជា ការភ្លក់នូវម្ហូប ដែលមានរសជាតិថ្មី ឬ ការចំអិនអាហារ ជាដើម -ល-។
៤. ផ្លាស់ប្ដូរទម្លាប់អាក្រក់ ÷ ប្រាកដណាស់ មនុស្សម្នាក់ៗ តែងតែមាន ទម្លាប់របស់ខ្លួន ដែលជាទម្លាប់ល្អ និង អាក្រក់ ។ ដូច្នេះអ្នកគួរតែ ស្វែងរកនូវទម្លាប់ អាក្រក់របស់អ្នក ហើយកែប្រែវាចេញ នោះនឹងទទួលបាន នូវលទ្ធផលដ៏ល្អ បន្ទាប់ពីបានកែប្រែ ។
៥. ធ្វើរឿង ដែលអ្នកចូលចិត្ត ÷ ជាមួយគ្នានេះ អ្នកគួរតែធ្វើ នូវរឿងដែលអ្នកចូលចិត្ត ជារៀងរាល់ថ្ងៃ ពីព្រោះវា ធ្វើឲ្យអ្នកមានសេចក្ដីសុខ ជាមួយនឹងអ្វី ដែលអ្នកបានធ្វើ ។
៦. ការអភ័យទោស ÷ ប្រសិនបើមាននរណាម្នាក់ ធ្វើអ្វីខុសអ្នកគួរតែអត់អោន និង អភ័យទោសដល់គេ ពីព្រោះមនុស្សសុទ្ធតែធ្លាប់ខុស នៅពេលដែលអ្នកអត់ទោសឲ្យ នរណាម្នាក់បាន អ្នកក៏អាចទទួលយកនូវកំហុសរបស់ខ្លួនបានដែរ ធ្វើបែបនេះ នឹងជួយឲ្យអ្នករស់នៅបានជាមួយភាពស្ងប់ស្ងាត់ ។
៧. ញញឹម ÷ ស្នាមញញឹម គឺជាអាវុធដែលប្រឆាំងជាមួយនឹងបញ្ហាផ្សេងៗ ។ មិនថាស្ថានភាពបែបណា អ្នកគួរតែញញឹម ដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ដែលជួយឲ្យអ្នកក្លាយ ទៅជាមនុស្សក្លាហាន និង រឹងមាំ ។ ពីព្រោះការ កើតទុក្ខ មិនបានជួយបំបាត់ ទុក្ខសោក បាននោះទេ មានតែស្នាមញញឹមទេ ដែលអាចជួយឲ្យអ្នក បំភ្លេចនូវរឿង ដែលមិនសប្បាយចិត្តបាន ។
៨. យកចិត្តទុកដាក់ ចំពោះអ្នកនៅជុំវិញខ្លួន ÷ ការយកចិត្តទុកដាក់ គឺជារឿងមួយ ដែលអ្នកគួរតែទទួលបាន ពីអ្នកគ្រប់គ្នា ។ ប្រសិនបើអ្នក យកចិត្តទុកដាក់ ចំពោះអ្នកដ៏ទៃ គេនឹងយកចិត្ត ទុកដាក់ ចំពោះអ្នកវិញដូចគ្នា អ្នកគួរតែយក ចិត្តទុកដាក់ ស្ដាប់អ្នកដែលនូវជុំវិញខ្លួន បើទោះបីជាអ្នកមិនអាចធ្វើអ្វីបាន ប៉ុន្តែអ្នកបានស្ដាប់ ដោយការយកចិត្តទុកដាក់ ការធ្វើបែបនេះនឹងជួយឲ្យ អ្នករស់នៅដោយរីករាយ ។
៩. ធ្វើអ្វីមួយ សម្រាប់អ្នកដ៏ទៃ ÷ ការសរសើរ និង ឲ្យតម្លៃ លើអ្នកដ៏ទៃក៏អាច ជួយឲ្យពួកគេមាន អារម្មណ៍ល្អផងដែរ ថែមទាំង ធ្វើឲ្យអ្នក មានភាពសុខសាន្ត ។ ជាមួយគ្នានេះ  អ្នកនឹងមានអារម្មណ៍ ថាមាន មោទណ:ភាព នៅពេលដែលអ្នក អាចជួយនរណាម្នាក់ ឲ្យធ្វើការ សំរចបានជោគជ័យ ។
១០. បើកចិត្តឲ្យទូលាយ ÷ អ្នកមិនគួរ លាក់បាំង នូវគំនិត និង រឿងរ៉ាវ ដែលនៅក្នុងចិត្ត ម្នាក់ឯងនោះទេ ។ អ្នកត្រូវតែ រៀនបើកចិត្ត ដល់អ្នកដ៏ទៃ និង បង្ហាញឲ្យពួកគេ បានដឹង ពីសុភមង្គល ឬ ទុក្ខសោកដែល អ្នកជួបប្រទះ ។ ដូច្នេះហើយ ពេលខ្លះ អ្នកគួរតែអនុញ្ញាត ឲ្យពួកគេបានដឹង ដែលអាចជួយឲ្យ អ្នក មានអារម្មណ៍ ប្រសើរជាងមុន ។
១១. ថែរក្សាខ្លួនឯង ÷ ជារៀងរាល់ថ្ងៃ អ្នកត្រូវតែយកចិត្តទុកដាក់រក្សា និង ចិញ្ចឹមជីវិតខ្លួនឯង ហេតុនេះហើយ អ្នកគួរតែទទួលទានអាហារណា ដែលផ្ដល់ថាមពល និង មានប្រយោជន៍ ចំពោះសុខភាពអ្នក ។ លើសពីនេះ អ្នកក៏គួរតែ បង្កើតនូវឆន្ទ: ដើម្បីពង្រឹង នូវសមត្ថភាពរបស់ខ្លួន ។ 
១២. ការអាន ÷ នេះគឺ ជាទម្លាប់ដ៏ល្អមួយ ដែលជួយអ្នក បង្កើននូវចំនេះដឹង បានមួយកម្រិតទៀត ពីព្រោះ នៅពេលដែល អ្នកបានអានច្រើន អ្នកនឹងបានទទួល នូវចំនេះដឹង ច្រើនជាងមុន ។ មិនថាអាន សៀវភៅ ទស្សនាវដ្ដី កាសែត ឬ កម្រងអត្ថបទផ្សេងៗ សុទ្ធតែមានប្រយោជន៍ចំពោះអ្នក ។
១៣. ជឿជាក់លើខ្លួនឯង ÷ អ្នកគួរតែរៀន ជឿជាក់លើខ្លួនឯង នោះអ្នកនឹងទទួលបាន ជោគជ័យក្នុងជីវិត ។ ជាងនោះទៅទៀត អ្នកគួរតែ មានទំនុកចិត្តលើការងារ និង គំនិតរបស់អ្នក ហើយជឿថា អ្នកនឹងអាច ធ្វើវាបានប្រសើរ ។
១៤. ចាកចេញ ពីភាពឈឺចាប់ ÷ បើសិនជា អ្នកជួបប្រទះ នូវភាពឈឺចាប់ អ្នកត្រូវគិតថា មានមនុស្សច្រើន នាក់ណាស់ ដែលជួបប្រទះនូវការឈឺចាប់នេះ មិនមែនមានតែ អ្នកមួយនោះទេ ។ ដូច្នេះអ្នកត្រូវរៀន ចាកចេញពីភាព ទុក្ខសោកនេះ ហើយនៅទីបំផុត អ្នកក៏អាចចាកចេញ ពីភាពឈឺចាប់បាន ។ បើសិនជា អ្នកអាចធ្វើបែបនេះ បាននោះ ភាពឈឺចាប់ នឹងមិនអាចចូលមក ក្នុងជីវិតរបស់អ្នកបានទេ ។
១៥. កំណត់ត្រាប្រចាំថ្ងៃ ÷  រៀងរាល់មុនចូលគេង អ្នកគួរតែធ្វើកំណត់ត្រា សម្រាប់ថ្ងៃស្អែក ថាអ្នកត្រូវធ្វើអ្វីខ្លះ ឬ កត់ត្រា នូវអ្វីដែលអ្នកបានធ្វើរួចហើយ ក្នុងថ្ងៃនេះ។ ការធ្វើដូចនេះ នឹងធ្វើឲ្យ អ្នកអាចរកឃើញ នូវចំនុចខុសឆ្គង បន្ទាប់មក កែប្រែវា នៅពេលក្រោយ ។ 
ប្រភព ÷ បរទេស 
ដោយ ÷ ដាលីស
ខ្មែរឡូត

Friday, February 20, 2015

កម្មករ​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍​ហ្គា​មេន​​​​ជិត​១០០​នាក់លើកគ្នាមក​កាន់​សាលាដំបូង​រាជធានី​


រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​មក​ពី​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍ ហ្គា​មេន មេ​នូ​ហ្វេ​ឆឺ​រីង ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែល​មាន​អាស​យដ្ឋា​ន​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ប្រមាណ​​ជិត​១០០នាក់​បាន​លើកគ្នាមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ ២០១៥ ក្នុង​គោល​បំណង​តវ៉ាចំពោះ​ដីកា​ស​ម្រេច​រក្សា​ការពាររបស់​លោក​ចៅក្រម​ដែល​ ហាមឃាត់​មិន​ឱ្យ​ក្រុម​កម្មករ​ប្រមាណ​២៤​នាក់​ចូល​ធ្វើការ ។
ក្រុម​កម្មករ​បាន​ជិះ​រថយន្ត​កូរ៉េ​ចំណុះ១​តោន ១​គ្រឿង ម៉ូតូ៣០​គ្រឿង និង​ប្រើប្រាស់​មេក្រូ​ចែង​មែ​ង​២​គ្រឿង​ផង​ដែរ​ដាក់​លើ​រថយន្ត​សម្រាប់​ បំពង​សម្លេង​ ក្នុង​នោះ​មានការ​ដឹកនាំ​ដោយ​លោក​ឃិ​ត ណាំ​ហោ អនុប្រធាន​សហ​ព័ន្ធសហជីព​សម្លេង​កម្មករ​កម្ពុជា និង​លោក​នាង សឹ​ង្ហា អនុប្រធាន​សហ​ព​ន្ធរូប​រួម​កម្មករ​កម្ពុជា ។
ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ​កុម្ភៈ  ២០១៥ មាន​ហេតុ​ការ​ណ៍កើតឡើង​នៅ​រោងចក្រ​កាត់ដេរ​ស្មា​ត​ស៊ើ​ត​ស៍ ហ្គា​មេន ស្ទឹង​មាន​ជ័យ ដោយ​ក្រុម​កម្មករ និង​ខាង​រោងចក្រ​មានការ​ប៉េះ​ទង្គិច​គ្នា ដែល​ពេល​នោះ​ខាង​រោងចក្រ​បានចោ​ទប្រកាន់​ខាង​កម្មករ​ថា បាន​ធ្វើ​កុបកម្ម​ប្រើ​អំពើ​ហិ​ង្សា​លើ​រោងចក្រ ខាង​កម្មករ​ចោទ​ថៅកែមិន​គោរព​ច្បាប់​ការងារ និង​ហាមឃាត់​មិន​ឲ្យ​និ​យោ​ជិ​ក កម្មករ ២៤​នាក់​ចូល​ធ្វើការ ។
ករណី​ខាង​លើ​នេះ ត្រូវ​បាន​មេធាវី​ការពារ​ដោយ​អាណត្តិ​របស់​ក្រុមហ៊ុនដាក់​ពាក្យបណ្តឹង​ទៅ​ កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​មនុស្ស​២៤នាក់​នោះ​ថា បំផ្លិចបំផ្លាញ​ព្រ​ទ្យ​ស​ម្បត្តិ​រោងចក្រ​ ដោយ​យក​ដុំ​ថ្ម​ចោលនឹង​ដំបង ​វាយ​ទ្វាររោ​ង​ចក្រជា​អំពើ​ហិង្សា​ដោយ​ចេតនា ។
ក្រោយ​ពី​មាន​ពាក្យបណ្តឹង​នោះ​លោក​ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ភ្នំ​ពេញ​បាន​ចេញ​ដីកាមួយ គឺ​ដីកា​​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ២០១៥ ពោល​គឺជា​ដីកាហាមឃាត់​មិន​ឲ្យ​និ​យោ​ជិ​ក និង​កម្មករ​២៤​នាក់​នោះ​ចូល​ធ្វើការ​ទេ ។ ដោយសារ​តែ​ពួក​គាត់មិន​​ត្រូវ​បាន​ថៅកែ​រោងចក្រ​​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​ នោះ​ហើយ បានជា​​​​លើកគ្នា​ប្រមាណ​ជិត​១០០នាក់​មក​តវ៉ាចំពោះ​ដីកា​​សម្រេច​រក្សា​ ការពារ​នោះ៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព


Thursday, February 19, 2015

កងទ័ព​អ៊ុយ​ក្រែ​ន​បង្ខំចិត្ត​បោះបង់​ចោល​ក្រុង Debaltseve ក្រោម​ការ​វាយលុក​របស់​ពួក​ឧទ្ទាមខ

ពួក​បំបែក​ខ្លួន​និយម​សិ្ន​ទ្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ បាន​វាយបក​យ៉ាងដំណំ​ថ្មី​មួយទៀត លើ​កងទ័ព​អ៊ុយ​ក្រែ​ន ដោយ​បង្ខំ​ឱ្យ​កងទ័ព​នោះ​បោះបង់​ចោល​ទីក្រុង​យុទ្ធសាស្ត្រ Debaltseve ដែល​ជំរុញ​ឱ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ ស្នើ​ឱ្យ​បញ្ជូន​កងកម្លាំង​ប៉ូលិស​មួយ​របស់​សហភាព​អឺរ៉ុប ក្រោម​អាណត្តិ​របស់​អង្គការសហប្រជាជាតិ ដើម្បី​មក​ជួយ​ថែរក្សា​សន្តិភាព​នៅ​ភាគ​ខាងកើត​ប្រទេស ។

ចំពោះ​ពួក​ ឧទ្ទាម​វិញ ការ​វាយ​ដណ្តើម​យក​ទីក្រុង Debatseve ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ត្រួតត្រា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជា​ការ​សម្រេច​គោលដៅ​នៃ​ការ​វាយ​រុលទៅមុខ​របស់​ពួក​គេ ដែល​ត្រូវ​បាន​ជំរុញ​កាលពី​រដូវក្តៅ​កន្លង​មក ។

តំបន់​ដែល​ពួក​បំបែក ​ខ្លួន​ត្រួតត្រា ពេល​នេះ​រីក​កាន់តែ​ធំ​ដែល​ភ្ជាប់​គ្នា​រវាង​ដែនដី​នៃ​តំបន់​លូ​ហ្គា​ន​ស្ក៍ និង​ដូ​ណេ​ត​ស្ក៍ ។ សំណួរ​ដែល​ចោទសួរ​នា​ពេល​នេះ គឺថា តើ​ពួក​ឧទ្ទាម​បញ្ឈប់​ត្រឹមនេះ ឬ​ក៏​បន្ត​វាយ​វាតទី​ងាក​ទៅ​ខាងលិច ឬ​ក៏​ខាងត្បូង​ជាប់​សមុទ្រ និង​ទីក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល ទៀត ?

ប្រឈម ​នឹង​យថាភាព​នេះ លោក ប៉ូ​រ៉ូ​ឆេ​ន​កូ ចង់ឱ្យ​មានការ​ទប់ស្កាត់​មុន ។ កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ពេល​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក​ប្រកាស​ថា ប្រទេស​លោក​នឹង​ស្នើ​ឱ្យ​បញ្ជូន​បេសកកម្ម​ប៉ូលិស​សហភាព​អឺរ៉ុប​មួយ មក​កាន់​ភាគ​ខាងកើត​ប្រទេស ។ លោក​អះអាង​ថា នេះ​នឹង​ជា​ការ​ជ្រើសរើស​ដ៏​ប្រសើរ​មួយ​សម្រាប់​ធានា​សន្តិសុខ​ក្នុង​ សភាពការណ៍​មួយ​ដែល​បទ​ឈប់​បាញ់​គ្នា ពុំ​ត្រូវ​បាន​គោរព​ទាំង​រុ​ស្ស៊ី ទាំង​ពួក​អ្នក​ដែល​រុ​ស្សុ​ី​ជួយ​ទ្រទ្រង់ ។

គោលការណ៍​នៃ​ការ​ដាក់​ ពង្រាយ​កងកម្លាំង​សន្តិភាព​អន្តរជាតិ​ដែល​នឹង​ត្រួតពិនិត្យ​តាម​បណ្តោយ​ ព្រំដែន​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ព្រំដែន​បែងចែក​រវាង​អ៊ុយ​ក្រែ​ន និង​បណ្តា​ដែនដី​បំបែក​ខ្លួន ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ការពារ ក៏​ប៉ុន្តែ​នៅ​ត្រូវ​អនុម័ត​ដោយ​សភា​ទៀត ។

យោង​តាម​ក្រុង​បា​៉​រី​ស​ ថា ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី អេ​ន ហ្សឺ​ឡា ម័​រ​កែ​ល ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌឺ​មៀ ពូ​ទី​ន ព្រមទាំង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវ​ពិភាក្សា​គ្នា​នា​វេលា​ល្ងាច ក្នុង​ឱកាស​នៃ​សន្និសីទ​តាម​ទូរស័ព្ទ​ចតុ​ភាគី​មួយ ។

កាលពី​ថ្ងៃ​ទី​ ១៨ កុម្ភៈ លោក ប៉ូ​រ៉ូ​ឆេ​ន​កូ ប្រកាស​ពី​ការ​បោះបង់​ចោល​ទីក្រុង Debaltseve មុន​ពេល​ទៅ​កាន់​ភាគ​ខាងកើត​ប្រទេស ជួប​ជាមួយ​កង​ទាហាន​ដែល​ដក​ចេញពី​ទីក្រុង​នោះ ។ លោក​អះអាង​ថា  ការ​ដក​នោះ​មាន​ផែនការ ហើយ​មានការ​រៀបចំ​ដែល​ការ​អះអាង​បែប​នេះ ធ្វើ​ឱ្យ​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​ទើប​ចេញ​ផុត​ពី​ការ​ហ៊ុម​ព័ទ្ធ មិន​ស្រឡះ​ចិត្ត​ឡើយ ។

បណ្តា​អ្នកកាសែត​នៅ​លើ​ទីលាន​ផ្ទាល់ ប្រទះ​ឃើញ​រថពាសដែក និង​រថយន្ត​យោធា ជា​ច្រើន​សិប​គ្រឿង ដែល​មក​ពី​ក្រុង Debaltseve បាន​មក​ដល់​ក្រុង Artemivk ដោយ​កង​ទាហាន​ជិះ​ក្នុង​នោះ​មើលទៅ​មាន​ពុកមាត់​ស្រ​ម៉ា​ម ពុំ​បាន​កោរ ហើយ​ហាក់ដូចជា​ហេវ​ហត់​ខ្លាំង​ណាស់ ។ យោង​តាម​ក្រុង​គៀវ​ថា ទាហាន​២.៤៧៥​នាក់ បាន​ចាក​ចេញពី​ទីក្រុង Debaltseve កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ។

ទូរទស្សន៍​រុ​ស្សុ​ី ផ្សាយ​រូបភាព​នានា​ពី​ឈ្លើយសឹក​ទាំងឡាយ ។ មែនហើយ ការ​បាក់ទ័ព​នោះ កងទ័ព​អ៊ុយ​ក្រែ​ន​ប្រាកដជា​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ។ ចំនួន​អ្នក​ស្លាប់ ពុំ​បាន​រាយការណ៍​ឡើយ ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លើក​ឡើង​ពី​តួលេខ​ដំបូង​ថា ទាហាន​៣០​នាក់​រង​របួស​ពេល​ដកថយ​ចេញ ប៉ុន្តែ​សារព័ត៌មាន​មួយ​ចំនួន​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ស្លាប់ មាន​ដល់​ទៅ​ជាង​៤០​នាក់​ឯណោះ ។

អ្នក​ជំនាញការ​យោធា​រុ​ស្ស៊ី​ម្នាក់ និយាយ​ថា ក្រុង​មូ​ស្គូ​តាម​ពិត​ទៅ មិន​ចង់ឱ្យ​ពួក​ឧទ្ទាម​វាយ​ដណ្តើម​យក​ទីក្រុង Debaltseve ឡើយ ក៏​ប៉ុន្តែ​ចង់ឱ្យ​កង​ទាហាន​អ៊ុយ​ក្រែ​ន​ចុះ​ខ្សោយ រួច​ចង់​ផ្តួលរំលំ​ប្រធានាធិបតី​ស្និទ្ធ​លោក​ខាងលិច លោក ប៉ូ​រ៉ូ​ឆេ​ន​កូ ដែល​រង​ការ​រិះគន់​ចំពោះ​ការ​គ្រប់គ្រង​សង្គ្រាម​មិនល្អ ។ លោក ប៉ា​វែ​ល ហ្វែ​ល ហ្គេ​ន​ហ្គា​អ៊ូ​រេ​ម សរសេរ​ថា រដ្ឋអំណាច​រុ​ស្ស៊ីចង់​ធ្វើ​ឱ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​រង​ការ​អាម៉ាស់​ខ្លាំង ។

បណ្តាសារ ​ព័ត៌មាន​រុ​ស្ស៊ី អះអាង​ថា ទាហាន​អ៊ុយ​ក្រែ​ន យ៉ាងតិច​៧២​នាក់ បាន​ចុះចូល​ខាង​ពួក​ឧទ្ទាម តែ​ក្រុង​គៀវ​និយាយ​ពិការ​ចាប់ខ្លួន​ពួក​ទាហាន តែ​ពុំ​លាតត្រដាង​ពី​ចំនួន​ឡើយ ៕

ផឹកស៊ីស្រវឹងក្នុងថ្ងៃសែនចិន ខឹងឪពុកម្តាយស្តីបន្តោសបន្ទិចបន្ទួចដុតផ្ទះចោលលេង

មកពី កោះសន្តិភាពៈ
ខេត្ត​ឧត្តរមានជ័យ ៖ យុវជន​ស្ទាវ​ម្នាក់​ផឹកស៊ី​ក្នុង​ថ្ងៃ​សែន​ចិន​ស្រវឹង​ជោកជាំខឹង​ឪពុក​ម្តាយ ​ស្តីបន្ទោស​បន្តិច​ប​ន្តួច និង​សុំ​លុយមិន​បាន​ក៏​ដុត​ផ្ទះ​ឆេះ​ហ្មត់​ ហើយ​ឪពុក ​បងប្អូន ​និង​អ្នក​ជិតខាង​ខឹង​ខ្លាំង​ពេក​នាំ​គ្នាវាយ​រហូត​ដល់​សន្លប់ រួច​បញ្ជូន​ទៅ​ឱ្យ​កងរាជ​អាវុធ​ស្រុក​អន្លង់​វែង​។
ហេតុការណ៍​នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៨​ កុម្ភៈ​ ២០១៥ នៅ​ចំណុច​អូរ​អំ​បិល​ ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អ​ន្ល​ង៊​វែង ​​។ តាមការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍ទោ ហើ​ន សំបោ​ន នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​បាន​ប្រាប់​ថា យុវជន​ស្ទាវ​ឈ្មោះ ម៉ី សុខា អាយុ​១៩​ឆ្នាំ ត្រូវ​ឪពុក​ម្តា​យ​​​ចាប់​បញ្ជូន​មក​កង​រាជ​អាវុធ​ដោយសា​រផឹកស៊ី​ក្នុង​ថ្ងៃ ​សែន​ចិន​ស្រវឹង​ជោកជាំ​​​ដុត​ផ្ទះ​ខ្លួនឯង ហើយ​មិនតែប៉ុណ្ណោះ​យុវជន​រូប​នេះ​ក៏​មាន​ស្ថានភាព​បែក​ថ្នាំ​ផង​ដែរ​។
លោក​បន្ត​ថា បើ​តាម​ឱ្យ​ដឹង​ពី​ឈ្មោះ ម៉ី ស៊ីវ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កាម ម៉ា​លី អាយុ​៤៦​ឆ្នាំ ត្រូវជា​ម្តាយ​ ឪពុក​ជនសង្ស័យ​បាន​រៀបរាប់​ថា មុន​កើតហេតុ​ជនសង្ស័យជា​កូន​គាត់​បាន​ត្រឡប់​មក​ពី​ផឹកស៊ី​ជាមួយ​មិត្ត​ ភក្តិ ហើយ​បាន​សុំ​លុយ​ទៅ​ទិញ​ស្រា​ផឹក តែ​គាត់​មិន​ឱ្យ ​​ជនសង្ស័យ​ក៏​បាន​យក​ដែកកេះ​ទៅកេះ​ដុត​ផ្ទះ ពួក​គាត់​ស្មាន​តែ​កូននិយាយ​លេង មិន​បាន​ចាប់អារម្មណ៍ ក៏​នាំ​គ្នា​ទៅ​កាប់​ដំឡូង​នៅ​មុខ​ផ្ទះ ស្រាប់​តែ​ឃើញ​ផ្សែង​​ហុយ​ចេញពីផ្ទះ​ ហើយ​​ឃើញ​កូនប្រុស​គាត់​រត់​ចេញពីផ្ទះ​។
ភ្លាម​ៗ​នោះ​ម្តា​យ​របស់​ជនសង្ស័យ​ឈ្មោះ កាម ម៉ា​លី ក៏​ឡើង​លើ​ផ្ទះ​ដើម្បី​ជញ្ជូន​សំភារ តែ​ដោយសារ​ភ្លើង​ឆេះ​នៅ​មាត់ទ្វារ​ខ្លាំង ហើយ​ផ្ទះ​ពុំ​មាន​បង្អួច​ចេញ ស្ត្រី​ជា​ម្តាយ​ត្រូវ​ភ្លើង​ឆេះ​រោល​ពេញ​ខ្លួន តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយទាន់ ។ ​​​ពេល​នោះ​​មាន​ខ្យល់បក់​បោក​យ៉ាង​ខ្លាំងធ្វើ​ឱ្យ​ភ្លើង​ឆាប​ឆេះ​​ សន្ធោសន្ធៅ ហើយ​នៅ​ក្បែរ​ទីតាំង​កើតហេតុ​ក៏​ពុំ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ដែរ​ ឪពុក​ជនសង្ស័យ និង​អ្នក​ជិតខាង​បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​មើល​ភ្លើង​ឆេះ​ផ្ទះ និង​សោកស្តាយ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ប៉ុណ្ណោះ​។
នៅ​ពេល​ភ្លើង​ឆេះ​មិន​ទាន់​រលត់​អស់ អ្នក​ជិត​ក៏​នាំ​គ្នា​ដេញ​តាម​ចាប់​ជនសង្ស័យ ហើយ​បាន​ស្វា​គន​ម៍​រហូត​ដល់​សន្លប់ រួចចាប់​ចង និង​ហៅ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មក​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​។ លោក​​បន្ត​ថា នៅ​ពេល​កម្លាំង​អាវុធហត្ថ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ស្ត្រី​ជា​ម្តាយ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ណាស់ លោក​ក៏​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ហើយ​ជន​បង្ក​ជា​កូន កម្លាំង​អាវុធហត្ថ​ស្រុក​បាន​នាំ​ខ្លួន​មក​ទីបញ្ជាការ​កង​អាវុធ​ហត្ថស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​។
អនុសេនីយ៍ទោ​បាន​បញ្ជាក់ថា តាម​ការឱ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ី ស៊ីវ ជា​ឪពុក​ជនសង្ស័យ​ថា ផ្ទះ​១​ខ្នង​ដែល​ឆេះ​ខាងលើ​នេះ មានទំហំ​៥គុណ​៧​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ជញ្ជាំង​ក្តារប្រក់​ស័ង្កសី ហើយ​សំភារទាំង​ប៉ុន្មាន​នៅ​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​ដូច​ជា ម៉ូតូ​វ៉េវ​១​គ្រឿង ម៉ូតូ​វី​វ៉ា១​គ្រឿង ស្រូវ​៣​បាវ ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង ទូរស័ព្ទ​៣​គ្រឿង និង​លុយ​៦​លាន​រៀល​ដែល​ទើបនឹង​លក់​ដំឡូង​បាន​ថ្មី​ៗ​ត្រូវ​ឆេះ​គ្មាន​សល់​ ឡើយ​៕​​

Tuesday, February 17, 2015

ឆយី រំឭករឿងដូចយកកាំបិតចាក់ដើមទ្រូងពេលដែលប្តីមានសាហាវទៅយកស្រីដែលជួយយកអាសា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​លេចធ្លោ​ចំពោះ​ភាព​សិច​ស៊ី​នាង​ឆ​យី បាន​លាតត្រដាង​រឿង​រ៉ា​វ​ស្នេហា​អពមង្គល​ដែល​បក់​បោក​ទៅ​លើ​ជីវិត​ឯកជន​របស់​នាង ស្ទើរតែ​ឱ្យ​នាង​ធ្វើ​អត្តឃាត ។
កាលពី​ពេល ថ្មី​ៗ​នេះ ឆ​យី បាន​លាតត្រដាង​ជា​សាធារណៈ​ថា ពេល​នាង​ចាប់ផ្តើម​ចូល​ពិភព​សិល្បៈ​ដំបូង​មាន​បុរស​ម្នាក់​ស្រឡាញ់​នាង ប៉ុន្តែ​ម្តាយ​ឪពុក​គេ​មិន​ឱ្យ​យក​នាង​ជា​គូ ព្រោះ​លើក​ហេតុផល​ថា​ស្រឡាញ់​អ្នកសិល្បៈ​មិន​បាន​យូរ​ទេ ។ នាង​ឈឺចាប់​ណាស់​ពេល​គេ​ដៀល​បែប​នេះ ។ ដូច្នេះ​ហើយ​នាង​តាំងចិត្ត​ថា ត្រូវ​តែ​រក​លុយ​ឱ្យ​បាន​ច្រើន​ព្រោះ​មនុស្ស​ស្រី​កាលណា​មាន​លុយ​ខ្លួនឯង មាន​ឆ្នាំងបាយ​ខ្លួនឯង មិន​ខ្វះ​ទេ​អ្នក​ស្រឡាញ់ ។ ព្រោះតែ​វណ្ណៈ​គ្រួសារ​បោកបក់​ស្នេហា​ឱ្យ​បែក​គ្នា ឆ​យី​បាន​ចូល​ពិភព​សិល្បៈ​កាន់តែ​ស៊ុប​។ អំឡុង​ពេល​នោះ​នាង​បាន​ជួប​បុរស​ម្នាក់​ទៀត ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​មិន​មាន​ចំណងអាពាហ៍ពិពាហ៍​ទេ ។ អ្វី​ដែល​ឆ​យី​ឈឺចាប់​បំផុត គឺ​ស្វាមី​មិន​បាន​រៀប​ការ​នោះ​ក្បត់ចិត្ត​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ជា​មនុស្ស​ជិតដិត​នឹង​នាង ។ នៅ​ពេល​នោះ ឆ​យី មាន​តែ​ខ្លួន​ទទេ ព្រោះ​វិញ្ញាណ​ហោះ​ចេញ​បាត់​ហើយ ។ គ្មាន​អ្វី​ឈឺចាប់​ជាង​មនុស្ស​ពីរ​នាក់​ដែល​នាង​ទុកចិត្ត បែរជា​ក្បត់​នាង​ទេ វា​ដូច​ជា​យក​កាំបិត​មក​ចាក់​ទំ​លុះ​ដើមទ្រូង​ដែរ ។
រយៈពេល​២​ខែ​ឆ​យី អត់​ចេញពី​បន្ទប់​ទេ ព្រោះ​មនុស្ស​ដែល​នាង​រាប់អាន ពិសេស​ពេល​គេ​បែកបាក់​សង្សារ​នាង​ជា​អ្នក​មើលថែ ការពារ​យក​ទៅ​ពេទ្យ​ដូច​អាណាព្យាបាល ដូច​កូន ហើយ​ម្ខាង​ទៀត​ជា​បុរស​ក្នុង​បេះដូង ជា​ប្តី​ដែល​នាង​ស្រឡាញ់​រាប់​ឆ្នាំ និង​ជា​មនុស្ស​ម្នាក់​ទុកជា​ទីពឹង​តែ​បែរជា​ក្បត់​នាង​ទៅ​វិញ ។ មនុស្ស​២​នាក់​នោះ​ទាក់ទង​ស្នេហា​គ្នា​ក្បត់​ឆ​យី ខណៈ​ម្នាក់​ជា​មនុស្ស​ជិតដិត ម្នាក់​ជា​ប្តី ។
ពេល​នោះ​ឆ​យី ដើរ​ចេញ​យួរ​តែ​វ៉ា​លី​ស​មួយ​ដោយ​ដើរ​ពី​ម្តុំ​អង់​តែ​ន​ទូរទស្សន៍​ទួល​គោក​ទៅ​ម្តុំ​ស្ពាន​ព្រះ​មុនី​វង្ស ដោយ​អត់​ដឹង​ថា ដើរ​ដល់ទី​នោះ​ទេ គឺ​នាង​ដើរ​ដូច​មនុស្ស​ឆ្កួត ។
ពេល​នោះ​មហាជន​ឆ្ងល់​ថា ឆ​យី​កំពុង​ថតកុន ឬ​មាន​បញ្ហា​អ្វី​បានជា​ដល់​ថ្នាក់​ហ្នឹង ។ ឆ​យី និយាយ​ថា «​មនុស្ស​យើង​ដល់​ពេល​ឈឺចាប់​ខ្លាំង​ដល់​កម្រិត​គឺ​ចង់​តែ​សម្លាប់​ខ្លួន​ប៉ុណ្ណោះ ។ នៅ​ពេល​នោះ​នាង​ខ្ញុំ​ក៏​អរគុណ​ដល់​មនុស្ស​ទាំង​២​នាក់​នោះ​ដែល​បាន​ផ្តល់​ឱ្យ​ខ្ញុំ​ចេះ​ឈរ​យ៉ា​ង​រឹង​មាំ ព្រោះ​បន្ទាប់​ពី​ឃុំ​ខ្លួនឯង​២​ខែ​អត់​ធ្វើ​អី​ទេ​ដេក​គិត​រហូត ។ យូរ​ៗ​ទៅ​ខ្ញុំ​គិត​ច្បាស់​ក្នុង​ចិត្ត​ថា តើ​យើង​ធ្វើ​បែប​នេះ​ដើម្បី​អ្វី គេ​សោយសុខ យើង​កើតទុក្ខ​លំបាក យើង​ស្លាប់​សួរ​ថា ពេល​យើង​ស្លាប់​តើ​គេ​កើតទុក្ខ​បាន​ប៉ុន្មាន​ថ្ងៃ លើស​ពី​នេះ​យើង​មាន​ម្តាយ​ឪពុក​បងប្អូន​នៅ​ចាំ​យើង គាំទ្រ​យើង ពេល​បាត់​យើង​ទៅ តើ​គាត់​ឈឺចាប់​បែប​ណា ។ ពីរ​នាក់​នោះ​គ្រាន់តែ​ជា​សាច់​ដទៃ គ្មាន​ជាប់​សាច់ឈាម​យើង​នោះ​ទេ ។ ពីរ​នាក់​នោះ​គ្មាន​លទ្ធភាព​ឱ្យ​យើង​ឈឺចាប់​តទៅ​ទៀត គ្មាន​លទ្ធភាព​ឱ្យ​យើង​យំ​តទៅ​ទៀត​នោះ​ទេ ។
មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គាត់​ប្តឹងប្តល់​ជាមួយ​ខ្ញុំ​ឡើង​តុលាការ​ម្តង​ហើយ​ម្តងទៀត ត្រូវ​តតាំង​ជាមួយ​គាត់ ។ ខ្ញុំ​ដើរ​ដល់​ផ្លូវ​ទាល់​អស់រលីង ព្រោះ​យើង​ឡើង​តុលាការ​មេធាវី​ត្រូវការ​លុយ​គេ​ជា​អ្នកមាន​ទ្រព្យ គេ​អត់​ខ្វល់ យើង​ទេ​ជា​អ្នក​តតាំង ។
ពេល​ខ្ញុំ​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង គាត់​ឃើញ​ខ្ញុំ​ក៏​មក​អង្គុយ​ជិត​ខ្ញុំ ហើយ​ធម្មតា​មនុស្ស​ផឹក​ស្រវឹង​មានទុក្ខ​មិន​ទាន់​បាត់​រលត់​ផង គាត់​ឌឺដង​យើង​ផ្អែមល្ហែម​មុខ​យើង ខ្ញុំ​ក៏​គប់​កែវ​ទៅ​គាត់ តែ​បែរជា​ត្រូវ​ប្រពន្ធ​ថ្មី​គាត់ ហើយ​គេ​ក៏​ប្តឹង​ខ្ញុំ និង​ឱ្យ​សុំ​ទោស​ជា​សាធារណៈ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​សុំ​ទោស​ទេ ព្រោះ​អ្នកឯង​ធ្វើ​ខុសសីលធម៌ បើ​ខ្ញុំ​ខុស​ខ្ញុំ​មិន​ខ្លាច​សុំ​ទោស​នោះ​ទេ ។ ទម្រាំ​តែ​ដោះស្រាយ​ឱ្យ​ផុតរលត់​គ្នា​ដាច់​ស្រឡះ ខ្ញុំ​បាន​ប្រើ​ពេល​បី​ឆ្នាំ ។
នៅ​ទីបំផុត​ខ្ញុំ​មិន​ឱ្យ​គេ​ជាន់ឈ្លី​តទៅ​ទៀត​បាន​ទេ ហើយ​អារម្មណ៍​ពេល​នេះ​មាន​តែ​ព្យាយាម​តស៊ូ​ជាមួយ​ជីវិត និង​តស៊ូ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ ជីវិត​ស្នេហា​បែប​នេះ​ពិតជា​មិន​អាច​មក​បំបាក់ ហើយ​ឱ្យ​ខ្ញុំ​ឆោតល្ងង់​បន្ត​ទៀត​បាន​ឡើយ ។
នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​មហាជន ពិសេស​មិត្ត​នារី​ទាំងឡាយ​គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​កុំ​សម្រេចចិត្ត​គិត​រឿង​ស្នេហា​ក្នុង​វ័យ​នៅ​ក្មេង នៅ​សិក្សា ។ ចាប់ពី​ពេល​នេះ​ទៅ ឆ​យី ខំតស៊ូ​ឱ្យ​កាន់តែ​ជះ​ពន្លឺ​នៅ​លើ​អាជីព​សិល្បៈ​ផ្គើន​មនុស្ស​ដែល​បំផ្លាញ​ចិត្ត​នាង​ខ្ញុំ​» ៕



ប្រេងធ្លុះចុះថ្លៃធ្វើអោយប្រទេសម៉ិកស៊ិកបន្ថយការចំណាយ

ក្រុង​ម៉ិក​ស៊ី​កូ ៖ បណ្តា​ប្រទេស​ផលិត​ប្រេង​នានា​កំពុង​ជួប​ផល​លំបាក​ដោយសារ​តែ​ការ​បោះពួយ​ចុះ​យ៉ាង​គំហុក​នា​ពេល​ថ្មី​ៗ​នៃ​តម្លៃ​ប្រេង​សាកលលោក ហើយ​ម៉ិក​ស៊ិក​​ក៏​មិន​ខុស​គ្នា​ដែរ ។ នោះ​ក៏​ព្រោះតែ​ប្រេង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ចំណូល​ហិរញ្ញវត្ថុ​ប្រមាណ​ជា​១​ភាគ​៣​នៃ​វិស័យ​សាធារណៈ​ក្រៅពី​ហិរញ្ញវត្ថុ​ក្នុង​ថវិកាជាតិ​របស់​ប្រទេស​ម៉ិក​ស៊ិក​ ដូចនេះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទីផ្សារ​ប្រេង​ថ្មី​ៗ​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​កាត់​បន្ថយ​កញ្ចប់​ថវិកាជាតិ​សម្រាប់​ចាយវាយ​ក្នុង​ឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​៣០ មក​រា កន្លង​មក ។ 

បើ​តាម​ការ​អះអាង​ពី​ក្រសួង​ហិរញ្ញវត្ថុ ទំហំ​ទឹកប្រាក់​ដែល​នឹង​ត្រូវ​កាត់​បន្ថយ​ស្ថិត​ក្នុង​រង្វង់​៨,៣​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​០,៧% នៃ GDP របស់​​ម៉ិក​ស៊ិក ។ គួរ​កត់​សម្គាល់ថា ប្រេង​​ម៉ិក​ស៊ិក​ (Mexican Mix of Crude) មាន​តម្លៃ​ហាងឆេង​ជា​ទូទៅ​ស្ថិត​ក្រោម​ហាងឆេង​ប្រេង Brent (​អង់គ្លេស​) និង West Texas Intermediate (WTI) អា​មេ​រិ​ក ដែល​បាន​ធ្លាក់​ថ្លៃ​ក្រោម​៤០​ដុល្លារ​ក្នុង​មួយ​ធុង​ក្នុង​ខែមករា ជា​កម្រិត​ធូរ​ថ្លៃ​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩ ដែល​វាយលុក​យ៉ាង​រង្គើ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​ទៅ​ទៀត ។

បច្ចុប្បន្ន​តម្លៃ​ទីផ្សារ​ប្រេង​ម៉ិក​ស៊ិក​​ជួញដូរ ឬ​លក់​ក្នុង​ហាងឆេង​៤៧,៥​ដុល្លារ​ក្នុង​មួយ​ធុង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ៕


Khmer Proverb