Sunday, August 21, 2016

ការ​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ ស្ងប់ស្ងាត់​ល្អ នៅ​ព្រឹក​ថ្ងៃ​ដំបូង

មាន​សេចក្ដីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​ Sabay បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ព្រលឹម​ស្រាងៗ​រហូត​ដល់​ម៉ោង​ចូល​ប្រលង​ស្ថានភាព​ស្ងប់ស្ងាត់​ នៅ​តាម​មណ្ឌល​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ បេក្ខជន​មក​ប្រលង​ពុំ​បាន​ដាក់​វិញ្ញាសា​តាម​ខ្លួន​ដូច​មុនៗ ហើយ​បេក្ខជន​ហាក់​មាន​ទំនុក​ចិត្ត​ជាង​មុន។


លោក គង់ វិសាល អ្នក​យក​ព័ត៌មាន​ Sabay ដែល​កំពុង​ប្រចាំ​ការ​នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ​ស៊ីសុវត្ថិ បាន​រាយការណ៍​មក​ថា ស្ថានភាព​គឺ​ស្ងប់ស្ងាត់ ដោយ​អ្នក​ត្រួតពិនិត្យ​ មិន​បាន​រក​ឃើញ​សំណៅ​ឯកសារ​ណា​មួយ​នៅ​តាម​ខ្លួន​នោះទេ ដែល​ខុស​ពី​ឆ្នំា​មុនៗ​ សំណៅ​ឯកសារ​ចាប់​បាន​នៅ​អំឡុង​ពេល​ត្រួត​ពិនិត្យ។

លោក​មាន រតនា អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​ការ​នៅ​មណ្ឌល​ប្រលង​អនុ​វិទ្យាល័យ​ចតុមុខ ដែល​បាន​ទៅ​ឃ្លាំ​មើល​តាំង​ពី​ម៉ោង ៦ ព្រឹក​នេះ ឲ្យ​ដឹង​ថា ស្ថានភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​សំណៅ​ឯកសារ​ខ្លះៗ តែ​តិច​តួច​បំផុត។

កញ្ញា សុនា បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា គិត​ចាប់​ពី​ម៉ោង ៦:០០-៧:០០ ព្រឹក​ ស្ថានភាព​ស្ងប់​ស្ងាត់​នៅ​ឯ​វិទ្យាល័យ​ច្បារ​អំពៅ។


នៅ​មុន​នេះ​បន្តិច​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​ កីឡា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដែរ​ថា ឆ្នាំ​នេះ បេក្ខជន​ប្រលង​គោរព​បាន​តាម​ទិសស្លោក​ “អ្នក​ចេះ​ គឺជាប់”។ ឆ្នាំ​នេះ សិស្សានុសិស្ស ហាក់​បាន​ត្រៀម​លក្ខណៈ​បាន​ល្អ ដោយ​ពុំ​ទាន់​រក​ឃើញ​មាន​បាតុភាព​អ្វី​នៅ​ឡើយ​ទេ នៅ​ព្រឹក​នេះ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ធ្វើ​ជា​តំណាង​កាត់​វិញ្ញាសា​ សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង បំពេញ​វិជ្ជា នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ កាល​ពី​ព្រឹក​មិញ​នេះ៕

Khmer Proverb