សិល្បៈ ៖ ក្រោយពីរកឃើញបេក្ខជនពីររូប និងបេក្ខនារីពីររូបឡើងទៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញមក ក៏មានទស្សនិកជនមួយចំនួនបានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើ បេក្ខភាពលោក ថែល ថៃ និងកញ្ញា ឈីន រតនៈ ខណៈដែលពួកគេទាំងពីរបង្ហាញសមត្ថភាពកាន់តែខ្លាំង រហូតមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននិយាយឆ្លើយឆ្លងគ្នាថា ម្ចាស់ជ័យលាភីលើកពានកម្មវិធី The Voice Cambodia រដូវកាលទីពីរនេះគឺ ថែល ថៃ និង ឈីន រតនៈ មានភាគរយច្រើនជាងគេ។
ទោះយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនតែប៉ុណ្ណោះ ដោយឡែកលទ្ធផលជាក់ស្ដែងនៅមិនទាន់អាចទស្សន៍ទាយថា អ្នកណាជាម្ចាស់ពាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះបានឡើយ ព្រោះកូនក្រុមរបស់ Coach ម្នាក់ៗមុននឹងឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ឆ្លងកាត់ការសម្រិតសម្រាំងទាំងទស្សនិកជន ក៏ដូចជា Coach របស់ពួកគេផ្ទាល់ផងដែរ ៕